ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបង្រ្កាបរថយន្តចង្កូតស្តាំស៊េរីទំនើប២គ្រឿងដែលឈ្មួញនាំពីប្រទេសថៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ រថយន្តចង្កូតស្តាំ ត្រូវគេមើលឃើញថា ឈ្មួញនៅតែបន្តលបលួចលាក់នាំពីប្រទេសថៃ ចូលប្រទេសកម្ពុជាខុសច្បាប់ ក្រោយថ្ងៃឱសានវាទអស់សុពលភាពទៅហើយយ៉ាងណានោះក្តី។

រថយន្ត២គ្រឿងប្រភេទ២បាំង សេរីទំនើប ម៉ាកតូយ៉ូតា ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបង្រ្កាបបានជាបន្តបន្ទាប់ កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅថ្មីៗនេះ ខណៈដែលរថយន្តទាំង២គ្រឿង ត្រូវបានគេបើកចូលមកក្នុងទឹកដីខេត្តបន្ទាយមានជ័យ។

ការបង្រ្កាបរថយន្ត ដោយម្ចាស់រថយន្តវិញ បានរត់គេចខ្លួនបាត់។ រថយន្តទាំង២គ្រឿង នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ ត្រូវបាននគរបាលជំនាញ កសាងសំណុំរឿង និងនាំរថយន្តទៅកាន់តុលាការដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់ ។

ការបង្រ្កាបរថយន្តចង្កូតស្តាំទាំង២គ្រឿងខាងលើពីសំណាក់កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យគឺក្នុងគោលបំណងអនុវត្តទៅលើវិធានការ នៃការទប់ស្កាត់នាំការហូរចូលលួចរត់ពន្ធរថយន្តខុសច្បាប់ ។

ការប្រើប្រាស់រថយន្តចង្កូតស្តាំនៅក្នុងប្រទេសកម្ពុជា ត្រូវគេមើលឃើញថាអំពើខុសច្បាប់អាចជាផ្នែកមួយបង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ពីព្រោះប្រទេសកម្ពុជាប្រកាន់នូវការបើកបរខាងស្តាំ រថយន្តប្រើប្រាស់ក្នុងប្រទេសដាច់ខាតជារថយន្តចង្កូតឆ្វេង លើកលែងតែរថយ្តសង្រ្គោះរបស់រដ្ឋមួយចំនួនប៉ុណ្ណោះ។ ប៉ុន្តែដោយសារតែឈ្មួញខិលខូចលួចនាំរថយន្តពីប្រទេសថៃចូលមកប្រទេសកម្ពុជានូវចំនួនរថយន្តចង្កូតស្តាំច្រើនពេកដោយទប់ស្កាត់មិនបាន ហើយអ្នកប្រើប្រាស់រថយន្តចង្កូតស្តាំធ្លាប់ធ្វើបាតុកម្មតវ៉ា សុំឱ្យរាជរដ្ឋាភិបាលអនុញ្ញាតឱ្យមានការបង់ពន្ធរថយន្តចង្កូតស្តាំប្រើប្រាស់ស្របច្បាប់។ ទើបរាជរដ្ឋាភិបាលដាក់ការអនុគ្រោះឱ្យមានការបង់ពន្ធរថយន្តចង្កូតស្តាំមានស្រាប់នៅក្នុងប្រទេសត្រូវម្ចាស់ចូលទៅបង់ពន្ធឱ្យអស់ក្នុងរយៈពេល២ខែចាប់ពីថ្ងៃទី១៨ ខែមករា រហូតដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦ ត្រូវបញ្ឈប់នៃការបង់ពន្ធរថយន្តចង្កូតស្តាំ ហើយមិនអនុញ្ញាតឱ្យនាំចូលរថយន្តចង្កូតស្តាំបន្ថែមទៀតនោះឡើយ ។

ប៉ុន្តែទោះបីជាពេលវេលានៃការបញ្ឈប់ឱ្យមានការបង់ពន្ធរថយន្តចង្កូតស្តាំបានផុតសុពលភាព និងហាមប្រាមមិនឱ្យមានការនាំចូលរថយន្តចង្កូតស្តាំ ។ ក៏ក្នុងរយៈពេលក្រោយមករថយន្តចង្កូតស្តាំត្រូវគេមើលឃើញថា នៅតែបន្តហូរចូលក្នុងទឹកដីខេត្តបន្ទាយមានជ័យជាបន្តបន្ទាប់ ហើយកាលពីប៉ុន្មានខែមុននេះសេចក្តីរាយការណ៍ឱ្យដឹងថា រថយន្តចង្កូតស្តាំ២គ្រឿងក៏ត្រូវកម្លាំងអាវុធហត្ថបង្រ្កាបបានផងដែរ។ពាក់ព័ន្ធនិងភាពមិនប្រក្រតីនៃការនាំចូលរថយន្តចង្កូតស្តាំប្រជាពលរដ្ឋក៏បាននាំគ្នាងឿងឆ្ងល់និងចោទជាសំណួរថា តើរថយន្តចង្កូតស្តាំទាំងនោះហេតុអ្វីនៅតែមានវត្តមាននាំចូលប្រទេសកម្ពុជានោះ?៕ សំ វិច្ឆិកា

IMG_5342

IMG_5337


ចែករំលែក៖