ខេត្តស្វាយរៀង៖ យោងតាមសមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ឈើប្រភេទធ្នង់ប្រមាណ៣២ដុំ កំពុងលាក់ពូនសម្ងំស្តុកក្នុងដេប៉ូឈើមួយកន្លែង ក្នុងភូមិថ្នល់ពាម ឃុំអង្គប្រស្រែ ស្រុករមាសហែក ដែលសេចក្តីរាយការណ៍មកថា ជារបស់ឧកញ៉ ដ៏ល្បីឈ្មោះម្នាក់ខាងរកស៊ីឈើ ដោយមានអ្នកមើលការខុសត្រូវឈ្មោះ លៀប ជាអ្នករត់ការផ្លូវចេញតាមច្រករបៀង នៃស្រុករមាសហែក ។
ប្រភពពីសមត្ថកិច្ច បានបន្តថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងចម្រុះបានប្រទះឃើញ ឈើធ្នង់ជាច្រើនដុំ បានលាក់ទុកក្នុងព្រៃនៅខាងក្រោយផ្ទះ ប្រជាពលរដ្ឋឈ្មោះ តូច ឈិន រស់នៅភូមិថ្នល់ពាម ដោយសង្ស័យខ្លាចក្រុម សមត្ថកិច្ចឆែកឃើញ ក៏យកទៅរក្សាទុក នៅក្នុងដេប៉ូឈើវិញ រង់ចាំការដោះនៅពេលក្រោយយ៉ាងស្ងៀមស្ងាត់ ។
សូមបញ្ជាក់ថា នៅក្នុងខែកុម្ភៈ កន្លងទៅនេះសមត្ថកិច្ច បានចុះឆែកឆេរក្នុងដេប៉ូឈើ ជាច្រើនកន្លែងរកឃើញ ឈើប្រណីតជាច្រើន ដោយបានលាក់ទុក ជ្រកក្រោមស្លាកដេប៉ូ បម្រុងលោតឆត្រ ទៅប្រទេសវៀតណាម ហើយ PC របស់ដេប៉ូឈើទាំងនោះ ក៏មិនត្រឹមត្រូវទាំងស្រុងនោះដែរ ដោយការអនុញ្ញាតឲ្យ នាំមកលក់តាមដេប៉ូ ក្នុងខេត្តស្វាយរៀង តែបែរជានាំទៅលក់នៅ ប្រទេសវៀតណាមទៅវិញ ហើយរថយន្តដឹកឈើ របស់លោកឧកញ៉ា ទាំងនោះសុទ្ធតែប្រភេទយីឌុប ដឹកបំផ្លាញផ្លូវផងដែរ
ពាក់ពន្ធ័ករណីខាងលើនេះ នាយខណ្ឌ័រដ្ឋបាល ព្រៃឈើខេត្តស្វាយរៀង មិនអាចសុំការបំភ្លឺបានទេ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ រីឯឈ្មោះលៀប ដែលជាអ្នកមើលការខុសត្រូវនគរវត្តមិនអាចទាក់ទងបានទេ ព្រោះគ្មានលេខទូរស័ព្ទ ។
យ៉ាងណាក៏ដោយសមត្ថកិច្ច ដែលលួចបង្ហើប ព័ត៌មានបានបញ្ជាក់ថា ឈើក្នុងដេប៉ូនេះពិតជាស្របច្បាប់មែន ប៉ុន្តែអាជ្ញាធរអនុញ្ញាត តែឈើសម្រាប់ធ្វើផ្ទះ ហើយលក់នៅក្នុង ខេត្តស្វាយរៀងតែប៉ុណ្ណោះ ប៉ុន្តែឈើនៅដេប៉ូរបស់លោក លៀប នេះ មានប្រភេទឈើប្រណីតជាច្រើនផងដែរ ៕ យឹម សុថាន