ខេត្តស្វាយរៀង៖ មានគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នា បណ្តាលឲ្យនាយនគបាលថ្នាក់វរសេនីយ៍ត្រីម្នាក់ស្លាប់ ពេលដឹកមកដល់មន្ទីរពេទ្យខេត្ត និង៤នាក់ផ្សេងទៀតរបួសធ្ងន់ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧។
សមត្ថកិច្ចគបាលក្រុងស្វាយរៀងបានឲ្យដឹងថា ករណីទី១កើតឡើង នៅចំណុចច្រមុះជ្រូករូបសឹង្ហ ស្ថិតនៅភូមិឃោសាង សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង រវាងម៉ូតូ នឹងម៉ូតូ បណ្តាលឲ្យជនរងគ្រោះឈ្មោះសូ សាកៀង ភេទប្រុស អាយុ៥១ឆ្នាំ ជានគរបាល ឋានន្តរសក្តិ វរសេនីយ៍ត្រី តួនាទីជាអនុវរៈនគរបាលការពារព្រំដែន លេខ៦០៩ នៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀង មានទីលំនៅភូមិអូក្អាម ឃុំសំបួរ ស្រុកស្វាយទាប របួសក្បាលផុងលលាដ៍ ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យខេត្តស្វាយរៀង រីឯភាគីម្ខាងទៀតឈ្មោះ វ៉ា វណ្ណាលីន ភេទស្រី អាយុ៣៥ឆ្នាំ ជាកម្មការិនីរោងចក្រ មានទីលំនៅភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង របួសក្បាលធ្ងន់ធ្ងរនិងបាក់ជើងខាងស្តាំ សន្លប់នៅនឹងកន្លែង។
ប្រភពសមត្ថកិច្ចបន្តទៀតថា មុនពេលកើតហេតុ គេឃើញស្រ្តីរងគ្រោះជិះម៉ូតូចេញពីធ្វើការតាមផ្លូវជាតិលេខ១ ពីលិចមកកើត លុះមកដល់ចំណុចច្រមុះជ្រូករូបសឹង្ហ ក៏បត់ឆ្វេងចូលមកផ្លូវលេខ១ចាស់ស្របពេលនោះ ក៏មានម៉ូតូមួយគ្រឿងទៀត បើកបរដោយលោកវរៈសេនីយ៍ត្រី សូសាកៀង អនុវរៈនគបាលការពារព្រំដែនលេខ៦០៩ បើកម៉ូតូ ពីទឹសខាងលិចទៅកើត បញ្ច្រាសទឹសគ្នា យ៉ាងលឿន ក៏ជ្រុលទៅបុកគ្នាពេញទំហ៊ឹងបណ្តាល ឲ្យដួលម៉ូតូខ្ទាតមនុស្សបោកទៅបុកឃឿនចិញ្ចើមថ្នល់ បណ្តាលឲ្យរបួសក្បាលផុងលលាដ៍ក្បាលស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យខេត្ត ។
សមត្ថកិច្ថបានប្រគល់ឲ្យក្រុមគ្រួសារទៅធ្វើបុណ្យតាមប្រពៃណី រីឯភាគីស្ត្រី រងគ្រោះក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។
ករណីទី២ កើតឡើងនៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃ ខែ ឆ្នាំដដែលនៅ លើកំណាត់ផ្លូវជាតិលេខ១ ខាងមុខក្លោងទ្វារវត្តបន្ទាយ ស្ថិតនៅភូមិបន្ទាយឃុំកណ្តៀងរាយ ស្រុកស្វាយទាប បណ្តាលឲ្យរបួសធ្ងន់ទាំងសងខាង បាក់ជើងបែកក្បាលធ្ងន់ទាំងបីនាក់ ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញស្រ្តីម្នាក់ជិះម៉ូតូឌុបកូនតូចពីក្រោយម្នាក់ លុះមកដល់ខាងមុខក្លោងទ្វារវត្តបន្ទាយ ទំនងជាខូចម៉ូតូ ក៏ទល់ម៉ូតូទុកនៅលើចិញ្ចើមថ្នល់រួចដឹកដៃកូនរត់ឆ្លងថ្នល់ពីជើងទៅត្បូងខ្វះការប្រុងប្រយត្ន័ស្របពេលនោះ ក៏មានម៉ូតូ១គ្រឿងបើកបរដោយឈ្មោះ សុខ សុជាតិ ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី០៩ អនុវិទ្យាល័យហ៊ុនសែនស្វាយតាយាន នៅភូមិស្វាយតាយាន ឃុំស្វាយតាយាន ស្រុកកំពង់រោទ៌ បុកចំពាក់កណ្តាលខ្លួនពេញទំហឹង បណ្តាលឲ្យស្រ្តីរងគ្រោះដួលបោកទៅលើថ្នល់ជាតិបែកក្បាល និងបាក់ភ្លៅខាងឆ្វេងសន្លប់នៅនឹងកន្លែង រីឯកូនប្រុសអាយុ៥ឆ្នាំ របួសបែកក្បាលធ្ងន់ធ្ងរ។
ចំណែកយុវសិស្សបង្កដួលម៉ូតូ បោកទៅលើថ្នល់បែកក្បាល និងបាក់ជើងខាងស្តាំ សន្លប់នៅនឹងកន្លែង ត្រូវសមត្ថកិច្ចបញ្ជូនមកមន្ទីរពេទ្យខេត្ត ៕ យឹម សុថាន