ភ្នំពេញ៖ ស្ត្រីម្នាក់ជាមេខ្លោងជួញដូរថ្នាំញៀនដែលជំនាញលាក់ថ្នាំញៀនក្នុងស្បែកជើងកែងចោតសម្រាប់យកទៅលក់តាមក្លិបខារ៉ាអូខេនិងភោនីយដ្ឋាន ត្រូវកម្លាំងនគរបាលខណ្ឌឬស្សីកែវបានឃាត់ខ្លួននៅចំណុចមុខវត្តទួលសង្កែផ្លូវ៩០៧ក្រុម៥ភូមិ-សង្កាត់ទួលសង្កែខណ្ឌឬស្សីកែវកាលពីថ្ងៃទី៥ខែមិនាឆ្នាំ២០១៧ ។
មន្ត្រីនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា មុខសញ្ញាជួញដូរគ្រឿងញៀនដែលឃាត់ខ្លួននេះឈ្មោះឡេ ធីវាំងចាងភេទស្រីអាយុ២៧ឆ្នាំ ស្នាក់នៅក្រុមទី៥ផ្លូវបេតុង៩០៧ភូមិ-សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ គឺជាមេខ្លោងខាងជួញដូរថ្នាំញៀននៅតាមបណ្តាក្លិបកម្សាន្ត រង្គសាល និងភោជនីយដ្ឋានផងដែរ ដោយគេប្រើរូបភាពលាក់គ្រឿងញៀនស៊កញាត់ក្នុងស្បែកជើងកែង ចោតបន្លំភ្នែកសមត្ថកិច្ចមិនឲ្យដឹងឡើយ។ ប៉ុន្តែទោះជាមានល្បិចខ្ពស់បែបនេះក៏ដោយ សមត្ថ កិច្ចនៅតែស្រាវជ្រាវដឹងរហូតឃាត់ខ្លួនបាន ព្រមទាំងដកហូតថ្នាំញៀនប្រភេទក្រាមពណ៌សថ្លាចំនួន៣កញ្ចប់នៅចំណុចមុខវត្តទួលសង្កែផ្លូវ៩០៧ សង្កាត់ទួលសង្កែ។
តាមចម្លើយសារភាពរបស់ឈ្មោះឡេ ធីវាំងចាង បានសារភាពថា ការជួញដូរថ្នាំញៀននេះគឺធ្វើឡើងជាមួយបក្ខពួកមួយចំនួនទៀត ហើយគ្រឿងញៀនបានលាក់ទុកក្នុងបន្ទប់ជួលលេខ២១ ផ្លូវ៩០៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ទើបក្រោយមកកម្លាំងជំនាញបានបន្តប្រតិបត្តិការ ហ៊ុំព័ទ្ធរុករកបក្ខពួកជនសង្ស័យខាងលើតែពួកគេដឹងខ្លួនមុន គេចខ្លួនបាត់អស់។
មន្ត្រីដដែលបានបន្តថាលុះមកដល់វេលាម៉ោង ១១និង៤០នាទីយប់ ថ្ងៃ ខែ ឆ្នាំដដែល សមត្ថកិច្ចបានធ្វើការឆែកឆេរ រកឃើញវត្ថុតាងមួយចំនួនទៀតរួមមាន១.ក្រាមពណ៌សថ្លាចំនួន៩កញ្ចប់ ២.ជញ្ជីងថ្លឹងគ្រឿងញៀនចំនួនមួយ៣.ថង់ប្លាស្ទិចសម្រាប់ច្រកគ្រឿងញៀនមួយចំនួននិង៤.ឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្ន ស្រី្តសង្ស័យរូបនេះត្រូវបាននគរបាលខណ្ឌឫស្សីកែវកសាងសំណុំរឿងតាមនីតិវិធីដើម្បីបញ្ជូនទៅសាលាដំបូងរាជធានី ចាត់ការតាមច្បាប់ ៕ ប្រាថ្នា