ភ្នំពេញៈ ក្រុមសមត្ថកិច្ចនគរបាលក្រុងភ្នំពេញ បានឡោមព័ទ្ឋភូមិគ្រឹះចំនួន០២កន្លែងជាប់ៗគ្នា នៅក្នុងសាខាបូរីពិភពថ្មី មានទីតាំងស្ថិតនៅភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ដោយបានឃាត់ខ្លួនជនជាតិចិន ស្រីប្រុស ចំនួន១៦នាក់ ដែលប៉ូលិសបានប្រាប់ថា÷ “ពួកគេជាក្រុមជនសង្ស័យចាប់ជំរិតមនុស្សឆ្លងដែនតាមអីនធើណិត…” ។
នៅក្នុងហេតុការណ៍នៃកិច្ចប្រតិបត្តិការនោះ គេឃើញមានខាងប៉ូលិសផ្នែក សន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ សហការជាមួយ នគរបាលមូលដ្ឋានខណ្ឌសែនសុខ និងមានតំណាងមន្ត្រីតុលាការចូលរួមផងដែរ ប៉ុន្តែគេហាមដាច់ខាតមិនអោយអ្នកកាសែត ចូលថតរូបយកពត៌មានឡើយ ដោយសារប៉ូលិសទាំងនោះភាគច្រើនតែងតែមានទម្លាប់អាក្រក់ អោយតែពេលចុះមកបំពេញការងារបែបនេះ តែងឆ្លៀតឱកាសជញ្ជូនប្រមូលយកទ្រព្យសម្បត្តិគេផ្សេងៗ គ្មានរបៀបនិងបង្កឲ្យមានបញ្ហាហើយមកខ្មាស់ និងខឹងអ្នកកាសែតទៅវិញ ក្រោមលេសថា វាជាកិច្ចការសម្ងាត់របស់សមត្ថកិច្ចស៊ើបអង្កេត ។
លោក វរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានប្រាប់ក្រុមអ្នកកាសែត ថា ករណីនេះសមត្ថកិច្ចបានឃាត់ខ្លួនក្រុមជនជាតិចិនចំនួន១៦នាក់ ដែលក្នុងនោះមានស្រ្តី៨នាក់ និងកុមារ២នាក់ផងដែរ។
លោកបានបញ្ជាក់ថា តាមពត៌មាន ជនទាំងនេះត្រូវបានគេសង្ស័យថា ជាក្រុមជនរកសីចាប់ជំរិតមនុស្សយកលុយឆ្លងដែនតាមប្រព័ន្ឋអីនអើណិត ហើយសមត្ថកិច្ចយើង បានរឹបអូសយកបាននូវវត្ថតាងមួយចំនួន មានកំព្យូរទ័រ ភ្ជាប់ប្រព័ន្ឋអីនអើណិត និងឧបករណ៍ផ្សេងៗទៀត ដែលគេសង្ស័យថា អាចមានការពាក់ព័ន្ឋបទល្មើសទាំងនេះ៕ តុង សីហា