ខេត្តកំពង់ឆ្នាំង៖ កម្មករសំណង់ម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ស្រ្តីរងគ្រោះប្តឹងទៅសមត្ថកិច្ចពីបទ រំលោភកាលពីវេលាម៉ោង២៤និង១៥ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ នៅក្នុងវិទ្យាល័យក្រុងកំពង់ឆ្នាំង ស្ថិតនៅក្នុងភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។
នាយផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង លោក ម៉ា យន្ត បានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ប៉ែន ត្រង់ អាយុ២៧ឆ្នាំ ភេទប្រុស រស់នៅភូមិក្បាលឈើពុក ឃុំខ្យា ស្រុកកណ្ឌៀង ខេត្តពោធិ៍សាត់ ស្នាក់នៅក្នុងវិទ្យាល័យក្រុងកំពង់ឆ្នាំង ។ ចំណែកស្ត្រីជាជនរងគ្រោះមាន អាយុ៤៨ឆ្នាំ ។
លោកម៉ា យន្តបានឲ្យដឹងទៀតថា នៅក្នុងយប់កើតហេតុស្ត្រីរងគ្រោះបានមកដេកយាមនៅទីចាត់ការ នៃវិទ្យាល័យក្រុងកំពង់ឆ្នាំងជាមួយប្តី ។ នៅយប់នោះ ស្រ្តីរងគ្រោះមិនបានដេកនៅជិតប្តីនោះទេ គឺដេកនៅឆ្ងាយប្រមាណជាង៣០០ម៉ែត្រពីប្តី ចំណែកឯប្តីដេកនៅយាមរោងគោ ។
នៅមុនពេលកើតហេតុ ស្រ្តីរងគ្រោះបានដេកមិនដឹងខ្លួននោះទេ ស្រាប់តែនៅវេលាកើតហេតុ ជនសង្ស័យដែលរុំក្បាលនឹងក្រមា បានចូលទៅកន្លែងជនរងគ្រោះដេក ហើយបានច្របាច់ក មិនឲ្យរើរួចឡើយ និង បានធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេច តែម្តង ភ្លាមៗនោះស្រ្តីរងគ្រោះបានទៅប្រាប់ប្តី លុះព្រឹកឡើង ទើបប្តឹងសមត្ថកិច្ចអោយចាប់ខ្លួនតែម្តង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពខ្លួនពិតជាបានធ្វើសកម្មភាពចាប់ជនរងគ្រោះរំលោភពិតប្រាកដមែន ព្រោះពេលនោះរូបគេផឹកទឹកត្នោតជូរស្រវឹងដេក ហើយងើបទៅនោម ឃើញជនរងគ្រោះដេកម្នាក់ឯង ក៏ចូលទៅចាប់រំលោភតែម្តង ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ ចន្ថា