ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអ្នករើសអេតចាយដុតខ្សែភ្លើងយកស្ពាន់លក់ឆាបឆេះគំនរកម្ទេចក្រណាត់ផ្អើលអស់ពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ គំនរសំរាមមួយកន្លែង ដែលពោរពេញទៅដោយកម្ទេចក្រណាត់ និងជ័រ ព្រមទាំងកម្ទេចស្បែកផង នោះ ត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅ និងមានផ្សែងហុយឡើងលើ យ៉ាងខ្មួលខ្មាញ់ និងបានបង្កឲ្យ មានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង៣៥នាទីព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ នៅក្នុងភូមិកប់អំបិល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អ្នកភូមិបាននិយាយថា សំរាមមួយគំនរធំនោះ ត្រូវបានគេឃើញថាភាគច្រើនជាកម្ទេចក្រណាត់គ្រប់ប្រភេទ ក្រៅពីនោះមានកម្ទេចជ័រ និងស្បែកមួយចំនួនទៀត ដែលប្រជាពលរដ្ឋគ្រួសារមួយ បានដឹកតាមរថយន្តចេញពីតាមបណ្ដារោងចក្រកាត់ដេរនានាយកទៅចាក់នៅក្នុងរផ្ទះរបស់ខ្លួន ដើម្បីជ្រែរើសយកចំរៀកដែលល្អៗលក់ ។ លុះ ក្រោយពេលរើសចំរៀកល្អៗលក់អស់ហើយ មិនបានដឹកយកកម្ទេចដែលប្រើការមិនកើតនោះ ទៅចាក់ចោល នៅទីលានចាក់សំរាមនោះទេ បែរជាចាក់គរចោលនៅមុខផ្ទះតែម្ដង និងបានចាក់ចោលនៅទីនោះ ជាច្រើនខែមកហើយ។

ប្រភពដដែលបានបន្តទៀតថា នៅពេលកើតហេតុខាងលើ មនុស្សមួយគ្រួសារនោះ បានយកខ្សែភ្លើងទៅដុត យកស្ពាន់ទៅលក់អេតចាយ នៅលើគំនរសំរាមនោះ ហើយក៏បានបណ្ដាលឲ្យមានការឆាបឆេះឡើងសន្ធោរ សន្ធៅតែម្ដង ។ ខណៈនោះបានបង្កឲ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងហើយអ្នកដុតបង្កឲ្យឆេះនោះនាំគ្នាដងទឹក ជះពន្លត់យ៉ាងញាប់ដៃញាប់ជើង ប៉ុន្តែមិនបានរលត់នោះឡើយ រហូតដល់មាន រថយន្តពន្លត់អគ្គីភ័យមួយ គ្រឿង រួមជាមួយរថយន្តដឹកទឹកលក់ នៅក្នុងភូមិនោះ២គ្រឿងទៀត រួមគ្នាបាញ់ពន្លត់ ទើបរលត់ទៅវិញ៕ សុខាសែនជ័យ

image2 image1


ចែករំលែក៖