ខេត្តកណ្ដាលៈ ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធម័ ខណៈទៅដឹកគោតែម្នាក់ឯងអស់រយៈពេលជាច្រើនម៉ោងក្នុងបឹងស៊ីធរ ត្រង់ចំណុចខាងជើងប្រឡាយស្ថាននីយ៍បូមទឹកគ្រប់លាក់ ។ ករណីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៦និង១០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិស៊ីធរលិច ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះស្លាប់បាត់បង់ជីវិតមានឈ្មោះ ជឿន ណារ៉ូ ភេទប្រុស អាយុ១២ឆ្នាំ មុខរបរសិស្សថ្នាក់ទី៦ មានទីលំនៅភូមិស៊ីធរលិច ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ប្រភពដដែលបានបន្ដថា នៅមុនពេលកើតហេតុវេលាម៉ោង១៦និង១០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ក្មេងប្រុសរងគ្រោះបានទៅដឹកគោតែម្នាក់ឯង រហូតដល់ម៉ោង១៨ថ្ងៃខែកើហេតុដដែលមិនឃើញក្មេងប្រុសរងគ្រោះត្រឡប់មកផ្ទះវិញនោះទេ ខណៈនោះឈ្មោះ ចឺម ជឿន ជាឪពុក បានដើររកតែមិនឃើញហើយក៏បានដឹកគោមកផ្ទះ លុះមកដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង១០និង៣០នាទី ក្រុមគ្រួសារក្មេងរងគ្រោះនិងអ្នកជិតខាងបាននាំគ្នារាវរកក្នុងបឹងក៏ឃើញសាកសពក្មេងប្រុសរងគ្រោះរុំជាប់និងដើមឈូក ។ ក្រោយពីរកសាកសពឃើញហើយ សមត្ថកិច្ចនគរបាលពិនិត្យចប់សព្វគ្រប់បញ្ជាក់ថា ករណីនេះគឺមិនមានពាក់ព័ន្ធទៅនិងបទល្មើសអ្វីផ្សេង សមត្ថកិច្ចបានប្រគល់សាកសពក្មេងប្រុសរងគ្រោះទៅអោយក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ