ខេត្តកណ្ដាលៈ ប៉ូលិសចាប់ខ្លួនជនសង្ស័យម្នាក់ពីបទហិង្សាដោយចេតនា ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ជនសង្ស័យរូបនេះបានប្រើហិង្សាទៅលើស្រ្ដីជាប្រពន្ធ កាលពីវេលាម៉ោង១៨និង១០នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិស្វាយដំណាក់ ឃុំស្វាយរមៀតស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
ប៉ូលិសស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ គង់ ថេង ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (ជាប្ដីជនរងគ្រោះ) រីឯជនរងគ្រោះឈ្មោះ ឈុំ យ៉ុម ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (ត្រូវជាប្រពន្ធជនសង្ស័យ) ។ ជនសង្ស័យនិងជនរងគ្រោះមានទីលំនៅភូមិស្វាយដំណាក់ ឃុំស្វាយរមៀតស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ វត្ថុតាងដកហូតបានមានជំពាមកៅស៊ូចំនួន១ ។
ប្រភពដដែលបន្ដថា ជនសង្ស័យគឺជាមនុស្សផឹកស្រាជាប្រចាំ ខណៈមកដល់ផ្ទះតែងតែស្រែកជេរដៀមដាមរករឿងប្រពន្ធ រហូតវាយទៅលើស្រ្ដីដែលជាប្រពន្ធជាញឹកញាប់ លុះរហូតមកដល់ថ្ងៃទី១១ ខែឆ្នាំកើតហេតុដដែលជនសង្ស័យបានផឹកស្រាស្រវឹងរួចបានវាយទៅលើប្រពន្ធដូចសព្វមួយដង តែដោយស្រ្ដីរងគ្រោះជាប្រពន្ធទ្រាំនូវទង្វើរបស់ប្ដីមិនបានក៏បានដើរចេញទៅគេចខ្លួននៅផ្ទះឈ្មោះ ខោ បិន ដែលជាដន្លងនិងគ្នា ភ្លាមនោះជនសង្ស័យជាប្ដីក៏តាមទៅរករឿងប្រពន្ធនៅទីនោះទៀត ដោយយកជំពាមកៅស៊ូបាញ់ទៅលើប្រពន្ធតែមិនត្រូវនោះទេ ភ្លាមនោះជនសង្ស័យក៏បានចូលទៅវាយប្រពន្ធរបស់ខ្លួនទៀត តែត្រូវបានឈ្មោះ ខោ បិន ជាដន្លងជួយឃាត់ស្រាប់តែជនសង្ស័យបានវាយទៅលើឈ្មោះ ខោ បិន ចំខ្នងមួយដៃនិងប្រតាយប្រតប់គ្នាធ្វើឲ្យមានការភ្ញាក់ផ្អើលអ្នកជិតខាងចូលជួយឃាត់បំបែកចេញតែម្ដង ។
ក្រោយពីមានហេតុការណ៍កើតឡើងជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ