ខេត្តស្វាយរៀងៈ សមត្ថកិច្ចនគរបាលព្រៃអង្គុញ បានឃាត់ខ្លួនយុវជនសង្ស័យ២នាក់ ក្នុងចំណោម៤នាក់ កាលពីវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះពាក់ពន្ធ័នឹងករណីបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ។
សមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ កង ម៉េងហួ(ហៅ ឆ្លាម) ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកំពោតជ្រួក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត និងឈ្មោះ វ៉ាត សំរេច ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ។
ប្រភពបន្តថា រីឯជនសង្ស័យដែលរត់គេចខ្លួនមានឈ្មោះ កុយ ភឿក អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទូលអំពិល សង្កាត់ច្រកម្ទេស ក្រុងបាវិត និងឈ្មោះ នី សីហា (ហៅកៅ ) អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិតខេត្តស្វាយរៀង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនបានជិះម៉ូតូជាមួយឈ្មោះ កង ម៉េងហួ និងឈ្មោះកុយ ភឿក ចេញពីផឹកទឹកអំពៅនៅមុខវិទ្យាល័យជីភូ មកដល់មុខផ្សារថ្មីបានឈប់រើសដុំថ្មហើយឡើងម៉ូតូទៅលិចទៀត មកដល់ចំណុចមុខការាស់សាំងផេងហេងផល់ ក៏បានគប់រថយន្តទេសចរណ៍១គ្រឿងមកពីលិច ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ រួចជិះម៉ូតូដល់មុខម្លប់ស្វាយខាងលិចរោងចក្រសានតុង ក៏ត្រឡប់មកកើតវិញ ពេលមកដល់មុខផ្ទះសុក ស៊ៀបានគប់ជាលើកទី២ លើរថយន្តកុងតឺន័រក្នុងភូមិថ្នល់ជាតិ សង្កាត់ច្រកម្ទេស ក្រុងបាវិត ហើយលើកទី3 គឺគប់លើរថយន្តទេសចរណ៍មួយគ្រឿងទៀតស្ថិតក្នុងភូមិព្រៃទប់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ។
ក្រោយពីសាកសួររួចសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជួនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាមច្បាប់។ រីឯជនសង្ស័យ២នាក់ទៀត កំពុងស្វែងរកចាប់ខ្លួន ផងដែរ៕ យឹម សុថាន