ព័ត៌មានទាន់ហេតុការណ៍៖

អ្នកគាំទ្រ រង់ចាំរឿង«កំពូលស៊យឆ្លងភព» ទោះផលិតករមិនធ្វើពិធីសម្ពោធ

ចែករំលែក៖

ភ្នំពេញ៖ ភាពយន្តកំប្លែងរឿង “កំពូលស៊យឆ្លងភព” នឹងត្រូវចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី១៦ មីនា ខាងមុខនេះ ហើយបន្ទាប់ពីផលិតអស់ជាច្រើនខែ។ ទោះជាប្រកាសថា ផលិតករមិនមានលទ្ធភាពក្នុងការធ្វើពិធីសម្ពោធ ព្រោះអស់លុយក្នុងហោប៉ៅទៅហើយក្តី ក៏មានអ្នកគាំទ្រលើកទឹកចិត្តសិល្បៈខ្មែរមួយចំនួនបានចេញមុខគាំទ្រ និងស្នើឲ្យមហាជនជួយគាំទ្រភាពយន្តមួយនេះ ។

វណ្ណកម្មមួយនេះ ក៏មានគម្រោងធ្វើពិធីសម្ពោធនៅថ្ងៃទី១៥ មុនថ្ងៃចាក់បញ្ចាំងមួយថ្ងៃ ដើម្បីជូនដំណឹងដល់អ្នកគាំទ្របានដឹងផងដែរ។ ប៉ុន្តែព័ត៌មានផ្លូវការ ត្រូវបានផលិតករលោក តន់ វុទ្ធី ប្រាប់ថា ភាពយន្តរបស់លោកមិនបានធ្វើពិធីសម្ពោធទេ ព្រោះលោកគ្មានលទ្ធភាព ដោយសារដើមទុនលោកតិច និងបានចំណាយអស់ពីហោប៉ៅលើការផលិតយកគុណភាពរឿងឲ្យល្អ ។

គ្រាដែលភាពយន្តរឿង “កំពូលស៊យឆ្លងភព” ចាប់ផ្ដើមផ្សព្វផ្សាយឈុតខ្លីៗ នៅលើបណ្ដាញសង្គមហ្វេសប៊ុកមានព័ត៌មានថា រឿងដំបូងរបស់ផលិតកម្មអូហ្វីមមួយនេះ គ្រោងធ្វើពិធីសម្ពោធចាក់បញ្ចាំងនៅថ្ងៃទី១៥មុនថ្ងៃបញ្ចាំងមួយថ្ងៃ ប៉ុន្តែសម្រាប់ព័ត៌មានផ្លូវការនឹងក្ដុកក្ដួលនៅព្រឹកនេះលោកតន់វុទ្ធីបានប្រាប់ថារឿងរបស់លោកមិនបានធ្វើពិធីសម្ពោធដើម្បីជូនដំណឹងដល់មហាជនបានដឹងទេ ព្រោះលោកគ្មានលទ្ធភាពគឺអស់ទុនពីខ្លួនតែម្ដង។

ផលិតកររូបនេះបានបន្ថែមថា នៅពេលលោកគ្មានទុនធ្វើពិធីសម្ពោធដើម្បីផ្សព្វផ្សាយឲ្យទស្សនិកជនបានដឹងជាព័ត៌មាន លោកពិតជាមានការបារម្ភខ្លាចរឿង “កំពូលស៊យឆ្លងភព” មិនមានអ្នកបានដឹង និងមិនសូវមានបងប្អូនខ្មែរទៅជួយគាំទ្រផងដែរ តែធ្វើម៉េចបើលោកគ្មានជម្រើស។ ផលិតករក្រខ្សត់រូបនេះបន្តថា ទន្ទឹមនឹងការព្រួយបារម្ភនេះ លោកគ្មានពាក្យអ្វីក្រៅពីលើម្រាមដៃដប់សុំឲ្យបងប្អូនខ្មែរ ជាពិសេសយុវវ័យដែលតែងចូលរួមគាំទ្រភាពយន្តខ្មែរសូមចូលរួមជួយលើកទឹកចិត្តលោកដែលកំពុងប្រឈមនឹងបញ្ហាផ្នែកហិរញ្ញវត្ថុនោះ ។

តបទៅនឹងការលើកឡើងនេះដែរ មានអ្នកលេងបណ្តាញទំនាក់ទំនងសង្គមួយចំនួនបានបញ្ចេញវិដេអូខ្លីដើម្បីស្នើឲ្យអ្នកស្រលាញ់ចូលចិត្តភាពយន្តខ្មែរ មេត្តាបន្តជួយលើកទឹកចិត្តផលិតករ សិល្បករ តាមរយៈការចូលរួមទស្សនាដើម្បីឲ្យផលិតករខាងលើបានបន្តស្វែងរកថវិកាបំពេញក្តីសង្ឃឹមសម្រាប់បំពេញក្តីស្រម៉ៃ និងដោះស្រាយបញ្ហាបំណុល។ ពួកគេក៏បានបង្ហាញពីអារម្មណ៍នៃការទន្ទឹងរង់ចាំទស្សនាភាពយន្តមួយនេះថា នឹងអាចជក់ចិត្តដល់កម្រិតណា។ អ្នកលេងហ្វេសប៊ុកម្នាក់លើកឡើងថា “មានតែខ្មែរទេ ដែលស្រលាញ់ ជួយ និងគាំទ្រស្នាដៃខ្មែរ សូមបើកចិត្តទទួលយកភាពយន្តខ្មែរដែលមិនចម្លងពីគេ និងដើម្បីជំរុញការអភិវឌ្ឍន៍គុណភាពភាពយន្តខ្មែរទៅថ្ងៃមុខ” ៕ វឌ្ឍនា

ae (3)

ae (4)

ae (5)

ni
 

 


ចែករំលែក៖