ខេត្តកណ្តាល៖ សិស្សានុសិស្សបឋមសិក្សា និងអនុវិទ្យាល័យព្រះពុទ្ធ និងប្រជាពលរដ្ឋ ជិត ១០០០នាក់ ដែលមកពីភូមិក្រាំងទ្រា ភូមិក្រាំងស្បូវ ភូមិប៊ិណ្ណា ភូមិប៊ិនបោរ និងភូមិព្រះពុទ្ធ នៃឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ទទួលបានសម្ភារសិក្សា និងការពិនិត្យ ព្យាបាល និងឱសថព្យាបាលជំងឺ ដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងសប្បុរសជន។
លោកឧត្តមសេនីយ៍ឯក ជីម សុខ នាយរងសេនាធិការចំរុះ និងជានាយកទីចាត់ការបុគ្គលិក នៃអគ្គបញ្ជាការដ្ឋាន ក្រសួងការពារជាតិ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកណ្តាលស្ទឹង និងជាប្រធានក្រុមការងារចុះជួយឃ៊ំព្រះពុទ្ធ បានសម្តែងសេចក្តីរីករាយ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមការងារ និងសប្បុរសជនទាំងអស់ដែលបានចុះមកជួយព្យាបាលជំងឺជូនប្រជាជននាពេលនេះ។
លោកបន្ដថា សកម្មភាពនេះបានបញ្ជាក់ពីការសហការល្អរវាងវិស័យឯកជន សមាគមនានា ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ ដែលតែងតែ យកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ដោយមិនមានការរើសអើង។
សូមបញ្ជាក់ថា កម្មវិធីចែកសម្ភារសិក្សាដល់សិស្សានុសិស្ស និងពិនិត្យាបាលជំងឺជូនពលរដ្ឋនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ នៅក្នុងបរិវេនបឋមសិក្សា និងអនុវិទ្យាល័យ ព្រះពុទ្ធ ស្ថិតក្នុងភូមិក្រាំងទ្រា ឃ៊ំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ដោយមានកិច្ចសហការរៀបចំដោយ មន្ទីរពេទ្យប្រ៉ារ៉ាម៩ (ប្រ៉ារាម កៅ)នៃប្រទេសថៃ ក្រុមហ៊ុនបាឡេហ្គាខប សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកម្ពុជា៕ ស ដារ៉ា