ខេត្តពោធិ៍សាត់៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បណ្ដាលឲ្យប្តីប្រពន្ធពីរនាក់រងរបួសធ្ងន់ ស្រាល ដោយសារពួកគាត់ជិះម៉ូតូឌុបគ្នា បុកម៉ូតូដឹកឈើ ដែលឈប់នៅលើចិញ្ចើមផ្លូវកន្លែងទីងងឹត គ្មានដាក់តម្រុយសញ្ញា។
ហេតុការណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង៧ និង០០នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥៥ ត្រង់ចំណុចស្វាលោត ស្ថិតក្នុងភូមិព្រែក ១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មាននានានៅជុំវិញកន្លែងកើតហេតុលើកឡើងថា ប្តី ប្រពន្ធរងរបួសឈ្មោះ ស្រី សម្បាតិ អាយុ ៣៥ឆ្នាំ សញ្ជាតិខ្មែរ (ធ្ងន់) និងប្រពន្ធឈ្មោះ គុណ សុខឃួន អាយុ ៣៣ឆ្នាំ សញ្ជាតិខ្មែរ(ស្រាល) បច្ចុប្បន្នប្តីប្រពន្ធរងររបួស រស់នៅឃុំបាត់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
ប្រភពខាងលើបន្តថា ប្តីប្រពន្ធរងរបួសធ្វើដំណើរដោយម៉ូតូ ១គ្រឿងម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1D 4361 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៍បានបុកចំឈើដែលម៉ូតូដឹកចតនៅកន្លែងងងឹតលើចិញ្ជើមផ្លូវចំនួន ២គ្រឿង បណ្ដាលឲ្យដួលរដូករណែលតែម្តង ចំណែកម្ចាស់ម៉ូតូដឹកឈើចតច្រងេងច្រងាងនៅកន្លែងទីងងឹតទាំង ២គ្រឿងនោះ បានរត់គេចខ្លួនបាត់ស្រមោល។
ប្រភពដដែលបន្តទៀតថា ប្តីប្រពន្ធរងរបួស ត្រូវបានគេជួយចាត់ចែងបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យស្រុកភ្នំក្រវាញ ចំណែកវត្ថុតាងម៉ូតូទាំង ៣គ្រឿង រួមទាំងឈើ ត្រូវសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញយកទៅរក្សាទុកជាបណ្ដោះអាសន្ន៕ ប៉ឹម ពិន