ខេត្តត្បូងឃ្មុំ៖ ពិតជាសង្វេគចិត្តពន់ពេកណាស់ដែលស្រ្តីម្នាក់បានបាត់បង់ជីវិត ក្នុងខណៈដែលដើរទៅរាវខ្យងយកមកធ្វើម្ហូបហើយបានរអិលជើងធ្លាក់ចូលស្រះទឹកបណ្តាលឲ្យលង់ស្លាប់ ដោយមិនមានអ្នកឃើញ និងជួយទាន់ ហើយរឹតតែអាសូរទៅទៀតនោះកូនប្រុស ដែលទើបមានអាយុ៥ឆ្នាំ ដែលដើរតាមម្តាយបានត្រឹមឈរមើលម្តាយត្រដរខ្យល់ស្លាប់ដោយគ្នាមិនទាន់ដឹងក្តី និងធ្វើអ្វីដែលជួយម្តាយបាន ។
ហេតុការណ៍ដ៏សោកសង្រេងសង្រៃនេះកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ នៅចំណុចស្រះក្នុងដីស្រែរបស់ជនរងគ្រោះ៣៥០ម៉ែត្រ ខាងជើងភូមិត្រពាំងធំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
លោកវរសេនីយ៍ ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំបានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ អឿនសា វុធ ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិត្រពាំងធំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បាននាំកូនប្រុសឈ្មោះ ប៉ូរ៉េន រ៉ូត អាយុ ៥ឆ្នាំទៅរើសខ្យង ខណៈដែលជនរងគ្រោះដើររើសខ្យងតាមមាត់ស្រះនោះ ក៏រអិលជើងធ្លាក់ចូលទៅក្នុងទឹកស្រះ ដែលមាន(ទំហំ៨ម៉ែត្រគុណ១២ម៉ែត្រ) ជម្រៅ៣ម៉ែត្រ បណ្ដាលឲ្យលង់ស្លាប់ ។
លោកបានបន្តថា ករណីនេះក្រោយពេលកើតហេតុ កំលាំងជំនាញ និងប៉ុស្តិ៍រដ្ឋបាលស្រឡប់បានចុះដល់កន្លែងកើតហេតុ ត្រួតពិនិត្យឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសាលង់ទឹកមែន ហើយក្រោយការត្រួតពិនិត្យ សាកសពត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណះ