ភ្នំពេញ: ម៉ូតូម៉ាកហុងដាDUKE មួយគ្រឿង បានរងការខូចខាតយ៉ាងដំណំ និងអ្នកបើកបរម៉ូតូនេះបានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូលឿនវាក់នឹងរយន្តមួយគ្រឿងបើកឆ្លងកាត់ពីមុខចាប់ហ្វ្រាំងមិនទាន់ បុកចំពាក់កណ្តាលរថយន្តយ៉ាងពេញទំហឹង កាលពីវេលាម៉ោង១១ យប់ថ្ងែទី២៤ ខែមីនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវព្រះមុនីរ៉េត កែងនឹងផ្លូវចូលសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សាក្សីឃើញហេតុការណ៍នេះនិយាយថា មុនពេលកើតហេតុ គេបានឃើញបុរសមិនស្គាល់ឈ្មោះម្នាក់ បើកម៉ូតូមួយគ្រឿងម៉ាកហុងដា DUKE ពាក់ស្លាកលេខ ភ្នំពេញ 1BY-2186 តែម្នាក់ឯង ដោយធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្នុងទិសដៅពីត្បូងទៅជើង។ ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក LEXUS 470 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2L-9035 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្តោយ ផ្លូវព្រះមុនីរ៉េត ក្នុងទិសដៅពីជើងទៅត្បូង ហើយពេលនោះ រថយន្តក៏ស៊ីញ៉ូបត់ឆ្វេង ដើម្បីឆ្លងផ្លូវចូលសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា។ ខណៈដែល រថយន្តឆ្លងជិតផុតផ្លូវហើយហើយនោះ ក៏ត្រូវម៉ូតូ DUKE ចាប់ហ្វ្រាំង មិនទាន់ ក៏ជ្រុលទៅបុកចំពាក់កណ្តាលរថយន្តដែលកំពុងឆ្លងផ្លូវ ចំទ្វារក្រោយផ្នែកខាងស្តាំ បណ្តាលឲ្យអ្នកជិះម៉ូតូហោះផ្លោង បោកក្បាលនៅនឹងថ្នល់សន្លប់ហូរឈាមរងរបួសធ្ងន់តែម្តង។ បន្ទាប់មក ទើបគេទូរស័ព្ទហៅរថយន្តសាមុយមកដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ ។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានទៅដល់ វាស់វែងនិងបាន យករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំភាគីទាំងពីរមកដោះស្រាយតាមផ្លូវច្បាប់ពេលក្រោយ៕ ប្រាថ្នា