ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកដី ពាក់ស្លាកលេខ ភ្នំពេញ 3C 2202 រ៉ឺយ៉ែរគ្មានភ្លើងសញ្ញាសម្គាល់ ម៉ូតូមកពីក្រោយបុកស្លាប់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់យ៉ាងវេទនា ខណះជិះម៉ូតូលឿនជ្រុលបុករថយន្តហីុយ៉ាន់ដាយដែលសណ្តោងកន្ទុយសម្រាប់ដឹកត្រាក់ទ័រ គ្មានភ្លើងសម្គាល់ថយក្រោយបណ្តាលឲ្យអ្នកជិះម៉ូតូបុកពេញទំហឹង ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅភូមិស្រែដែកជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។

ប្រភពឲ្យដឹងថា ជនរងគ្រោះឈ្មោះម៉ុកផលលីម ភេទប្រុស អាយុ២៥ ឆ្នាំមុខរបរកម្មករោងចក្រ មានស្រុកកំណើតនៅភូមិអណ្តូងតាអន សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តហីុយ៉ាន់ដាយដឹកដីមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3C 2202 បានសណ្តោងកន្ទុយសម្រាប់ដឹកត្រាក់ទ័រ ដោយពុំមានបំពាក់ភ្លើងសញ្ញាសម្គាល់នោះទេ ដែលទើបតែដឹកត្រាក់ទ័រមកទម្លាក់ជិតកន្លែងកើតហេតុ រួចហើយបានបើករ៉ឺយ៉ែរថយក្រោយទាំងស្ថានភាពងងឹតផងនោះ ស្រាប់តែមានបុរសម្នាក់ ជិះម៉ូតូហុងដា ឌ្រឹមសង់ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1CQ 4395 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ដោយសារតែរថយន្តរ៉ឺយ៉ែរបត់ថយក្រោយមិនមានភ្លើងដើម្បីសម្គាល់ធ្វើឲ្យម៉ូតូបុកចំកន្ទុយពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់យ៉ាងវេទនា ។

ក្រោយពេលកើតហេតុម្ចាស់រថយន្តបានចុះរត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ចំណែកសពត្រូវបានសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯផ្ទះក្បែរកន្លែងកើតហេតុផងដែរ ។

សមត្ថកិច្ចមូលដ្ឋានបានចុះវាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំម្ចាស់រថយន្តមកដោះស្រាយតាមច្បាប់៕ សុខាសែនជ័យ

image1 image2 image3


ចែករំលែក៖