ខេត្តកំពង់ឆ្នាំង ៖ ក្រុមនេសាទត្រីល្មើសច្បាប់ជាច្រើននាក់បានបានទម្លាក់ឧបករណ៍ឆក់ត្រី មាន អាំងវិចទ័រ អាគុយ និង ដងឆក់ ជាច្រើនគ្រឿង ចោលរត់គេចខ្លួន ក្នុងពេលដែលសមត្ថកិច្ចចម្រុះស្រុកកំពង់លែងចុះទៅល្បាតនៅចំណុចកំពង់អាយ៉ូវ ក្នុងភូមិសាស្ត្រ ឃុំច្រណូក ស្រុកកំពង់លែងកាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ។
សមត្ថកិច្ចឲ្យដឹងថា ករណីខាងលើនេះ សមត្ថកិច្ចបានចេញល្បាត ក៏មានព័ត៌មានពីប្រជាពលរដ្ឋប្រាប់ថា នៅក្នុងភូមិសាស្រ្តខាងលើនេះ ក្រុមអ្នកនេសាទខុច្បាប់ (ឆក់ត្រី) ជាច្រើនបាននិងកំពុងធ្វើសកម្មភាពឆក់ត្រីជារៀងរាល់ថ្ងៃយ៉ាងអនាធិបតេយ្យទាំងថ្ងៃទាំងយប់ ពេលនោះសមត្ថកិច្ចចម្រុះបានដាក់កំលាំងឆ្មក់ចូល ដល់កន្លែងធ្វើសកម្មភាពឆក់ត្រី ក្រុមជនល្មើសបានដឹងខ្លួនទំលាក់ឧបករណ៍ឆក់ត្រីរត់គេចខ្លួនចូលព្រៃបាត់ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីក្រុមឆក់ត្រីរត់គេចខ្លួន និងបានបន្សល់វត្ថុតាង សមត្ថកិច្ចបានយកមករក្សាទុក ដូចជាអាគុយ៤០អំពែ៧គ្រឿង ដងឆក់ត្រី៦គូ ក្បាលអាំងវិចទរ័ឆក់ត្រី៤គ្រឿង ។ ក្នុងការបង្ក្រាបករណីខាងលើនេះ សមត្ថកិច្ចមិនមានឃាត់ជនល្មើសណាបានម្នាក់នោះឡើយ ។ ក្រោយពេលបង្ក្រាបត្រូវបានសមត្ថកិច្ចនាំយកមករក្សាទុកនៅសាលាកំពង់លែងដើម្បីប្រគល់ឲ្យសមត្ថកិច្ចជំនាញជលផល ៕ ចន្ថា