ខេត្តរតនគិរី ៖ មន្ត្រីសាលាក្រុងបានលុង ខេត្តរតនគិរីម្នាក់បានបើករថយន្ដប្រដេញ រថយន្តដឹកឈើ៤គ្រឿងរបូតអស់២គ្រឿងចាប់បាន២គ្រឿងជំរិតយកលុយពីឈ្មួញ៣.៥០០ដុល្លារជាថ្នូរនឹងការដោះលែង ឡើងវិញ ។
ហេតុការណ៍នេះបានកើតឡើងកាល ពីវេលាម៉ោង១រសៀលរហូតដល់ម៉ោង២ រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ទើប ក្រុមឈ្មួញបាននិយាយត្រូវថ្លៃគ្នារួចដោះលែងរថយន្តសាំយ៉ុង២គ្រឿងដែលផ្ទុកឈើប្រណីតពេញរថយន្តតែម្តង ។
ប្រភពព័ត៌មានបានឲ្យដឹងថា សកម្ម ភាពជាក់ស្តែងគេបានឃើញរថយន្តរបស់លោក កៃ សាវិន ជាមន្ត្រីទទួលបន្ទុករដ្ឋ បាលសាលាក្រុងបានលុងដាក់រថយន្តរបស់ ខ្លួនកាងមុខទ្វារចេញចូលជាកន្លែងរថយន្តយកមកស្តុកទុកនៅក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ ឡាបានសៀក ក្រុងបានលុង ។
បើតាមប្រភពព័ត៌មានពីម្ចាស់រថយន្ត ដឹកឈើទាំង២គ្រឿងបានឲ្យដឹងថា នៅថ្ងៃ កើតហេតុនោះក្រុមគេមានរថយន្តចំនួន៤គ្រឿងម៉ាកសាំយ៉ុងបានស៊ីឈ្នួលដឹកឈើប្រណីតចេញពីខេត្តស្ទឹងត្រែងជាជនជាតិវៀតណាមឈ្មោះ ស្រី ជីង។ ខណៈនោះ រថយន្តម៉ាកសាំយ៉ុងទាំង២បើកមកដល់ទី រួមក្រុងបានលុងស្រាប់តែឃើញរថយន្ត កាមរីបាឡែន ពាក់ស្លាកលេខភ្នំពេញ 2AK-0018 ពណ៌ស របស់លោក កៃ សាវិន ជាមន្ត្រីទទួលបន្ទុករដ្ឋបាលសាលាក្រុងបានដេញតាមពីក្រោយជាប់តែម្តង ហើយពួកគេបានរត់ចូលកន្លែងឃ្លាំងស្តុកឈើដែលមានទីតាំងខាងលើ។ ក្រោយមក ក៏បានរួចចរចាគ្នាអស់រយៈពេលជិត២ម៉ោង ទើបត្រូវរ៉ូវ ពោលគឺសេវាបង់ទៅឲ្យលោក កៃ សាវិន អស់ប្រាក់៣.០០០ដុល្លារ និងសុំ ក្រៅ៥០០ដុល្លារថែមទៀតសរុប៣.៥០០ដុល្លារ ។
ម្ចាស់រថយន្ដដឹកឈើទាំង២បានបន្តទៀតថា រថយន្តចំនួន៤គ្រឿងម៉ាកសាំយ៉ុងនោះមន្ត្រីសាលាក្រុងខាងលើចាប់បានតែ២គ្រឿងនោះទេ។ ដោយឡែករថយន្ត២ គ្រឿងទៀតរត់គេចបាត់ ។
ម្ចាស់ដីឡូត៍បានឲ្យដឹងដែរថា ដោយមានបញ្ជាពីម្ចាស់ឈើឲ្យទូរស័ព្ទហៅលោក កៃ សាវិន មកនិយាយគ្នាខាងក្រៅដើម្បី កំណត់ឲ្យម្ចាស់ឈើដែលមានឈ្មោះខាងលើប្រគល់ថវិកាជូនលោក កៃ សាវិន ចាប់ពី ម៉ោង២រសៀលតែមកដល់ម៉ោង៣រសៀល ថ្ងៃដដែលឈ្មោះស្រី ជីង ជាម្ចាស់ឈើ អត់បានប្រគល់លុយមកឲ្យគាត់ (ម្ចាស់ដី ឡូត៍)ដើម្បីយកមកឲ្យឈ្មោះ កៃ វិន នោះ ឡើយធ្វើឲ្យគាត់(ម្ចាស់ដីឡូត៍)ព្រួយបារម្ភ គឺឈើប្រណីតស្ថិតនៅក្នុងដីឡូត៍របស់គាត់ ដែលរថយន្តសាំយ៉ុងបានយកមកទម្លាក់ឈើចេញអស់ ហើយបើករថយន្តគេចខ្លួនបន្សល់ឈើទុកនៅទីនេះ ។
លោក កៃ សាវិន ជាមន្ត្រីសាលាក្រុង ទទួលបន្ទុករដ្ឋបាលបានឲ្យដឹងថា គាត់អត់បានទទួលលុយពីក្រុមឈ្មួញដូចការចោទប្រកាន់នោះទេ ដោយមូលហេតុម្ចាស់ឈើ និងម្ចាស់ដីឡូត៍ជាអ្នកស្គាល់គ្នា ៕ ហេង សូរិយា