ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវបេតុងចូលពន្ធនាគារព្រៃសស្ថាបនាមិនបានប៉ុន្មានឆ្នាំផងខូចស្ទើរទាំងស្រុងចេញសរសៃដែករងការរិះគន់

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមហ៊ុនដែលទទួលម៉ៅការ ដេញថ្លៃស្ថាបនាផ្លូវបេតុងច្រកចូលពន្ធនា គារព្រៃស នៅខាងត្បូងវត្តអង្គមេត្រីដែល ទទួលគម្រោងរបស់សាលារាជធានីភ្នំពេញយកទៅសាងសង់នោះឃើញថាធ្វើមិនបានប៉ុន្មានឆ្នាំផងបានរងនូវការខូចចេញសរសៃដែកហើយបានរងនូវការរិះគន់ពីសំណាក់ពលរដ្ឋក្នុងភូមិក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវបេតុងនេះផងដែរ។ ផ្លូវបេតុងនេះមានប្រវែងបណ្តោយជាង៤គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ ស្ថិតក្នុងភូមិកំរៀង សង្កាត់ ព្រៃវែង ខណ្ឌដង្កោ ។ លោកឌិន គឹមស្រៀង អាយុ៥១ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងបុរីសន្តិ ភាព២ សង្កាត់ពងទឹក ខណ្ឌដង្កោបានឲ្យដឹង ថា លោកតែងតែធ្វើដំណើរឆ្លងកាត់ផ្លូវនេះជារឿយៗក្នុង១ថ្ងៃ២ទៅ៣ដង ។ លោក ឌិន គឹមស្រៀង បានរិះគន់យ៉ាងដូច្នេះថា ខ្ញុំមានអារម្មណ៍សោកស្តាយទម្រាំបានផ្លូវប៉ុណ្ណេះគឺថារដ្ឋាភិបាលយើងបានចំណាយថវិកាអស់ច្រើនណាស់សម្រាប់ស្ថាបនាផ្លូវបេតុងនេះ។ ហេតុដូចនេះ សុំខាងក្រុមហ៊ុនឬអាជ្ញាធរពាក់ព័ន្ធនិងមន្ត្រីជំនាញមេត្តា ជួយពិនិត្យមើលផ្លូវនេះផងព្រោះថាផ្លូវបេតុង១ខ្សែនេះទើបតែស្ថាបនា ហើយមិនបាន ប៉ុន្មានផងឥឡូវនេះវាខូចវិញហើយ ។ សុំ ជួយជួស ជុលឡើងវិញដើម្បី ងាយស្រួល ដល់ពលរដ្ឋធ្វើដំណើរបានស្រួល និងបានកាត់បន្ថយគ្រោះថ្នាក់ផងដែរ។

ដោយឡែកលោក ឯម ជ្រឿន អាយុ ៦២ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងភូមិកំរៀង សង្កាត់ព្រៃវែងក៏បាននិយាយថា ក្រុមហ៊ុនទទួលម៉ៅការស្ថាបនាផ្លូវនេះធ្វើឲ្យរួចតែពីដៃ ហើយម្យ៉ាងផ្លូវនេះមិនទ្រនឹងទម្ងន់រថយន្តធុនធំបើកឆ្លងកាត់បាននោះទេ មាន ទាំងរថយន្តដឹកដី រថយន្តកុងតឺន័រផង ទោះបីអាជ្ញាធរដែនដីបានហាមប្រាមហើយក៏គេនៅតែបើកឆ្លងកាត់ទៀត។ លោកឯម ជ្រឿន ក៏បានសំណូមពរដល់អាជ្ញាធរ មន្ត្រីជំនាញពិនិត្យមើលក្រុមហ៊ុនដេញថ្លៃស្ថាបនាផ្លូវធ្វើយ៉ាងណាឲ្យមានគុណភាពផង។

ពាក់ព័ន្ធនឹងករណីនេះ លោកគង់ សំអុល ចៅសង្កាត់ព្រៃវែងបានបញ្ជាក់ បន្ថែមថា លោកបានចុះពិនិត្យឃើញថា ក្រុមហ៊ុនធ្វើឲ្យតែរួចពីដៃមិនបានប៉ុន្មានឆ្នាំផងខូចចេញសរសៃដែកបាត់ទៅហើយ នេះមកពីចាក់បេតុងស្តើងពេក ។ លោកថា លោកបានរាយការណ៍ទៅថ្នាក់ខណ្ឌរួច ហើយដែរចំពោះបញ្ហាផ្លូវបេតុងនេះឯ ចំណាត់ការយ៉ាងណានោះ លោកមិនទាន់បានដឹងទេព្រោះថាផ្លូវបេតុងនេះជាគម្រោងរបស់សាលារាជធានី ៕ តាឡឹម

c


ចែករំលែក៖