ខេត្តកណ្ដាល: ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចនគរបាលស្រុកស្អាងចាប់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីជនសង្ស័យរូបនេះបានយកអង្កត់អុសវាយទៅលើជនរងគ្រោះ បណ្ដាលឲ្យរបួសកាលពីវេលាម៉ោង១និង១០នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។
មន្ដ្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ផល ទិត្យ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះឈ្មោះ ប៉ែន លន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។ ដោយឡែកវត្ថុតាងដកហូតបានមានអង្កត់អុសមែកត្របែកប្រវែ៤៧សង់ទីម៉ែត្រ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុជនសង្ស័យបាននាំគ្នាផឹកស្រាជាមួយបក្ខពួក៤នាក់នៅក្រោមផ្ទះរបស់ឈ្មោះ ចំរើន លុះបានមួយសន្ទុះក្រោយមកជនសង្ស័យមានសភាពស្រវឹងស្រឿងៗក៏បានដើរចេញពីកន្លែងផឹកស៊ីសំដៅទៅផ្ទះរបស់ឈ្មោះ ជួង ដើម្បីលួចបេះផ្លែដូង ខណៈបេះបានចំនួន៧ផ្លែ រួចហើយជនសង្ស័យក៏យកផ្លែដូងនោះទៅទុកនៅរោងរបស់ឈ្មោះ ណាប់ តែម្ចាស់រោងមិននៅនោះទេ មានតែជនរងគ្រោះកំពុងអង្គុយនៅក្នុងរោងហើយជនសង្ស័យបានយកផ្លែដូងនោះទុកតែជនរងគ្រោះមិនឲ្យទុកនោះទេ ដោយនិយាយថាផ្លែដូងទាំងនេះគឺជារបស់លួចគេ ភ្លាមនោះជនសង្ស័យខឹងជនរងគ្រោះដែលបាននិយាយដូច្នេះក៏ស្ទុះទៅយកអង្កត់អុសដែលនៅក្បែនោះយកមកវាយទៅលើជនរងគ្រោះ បណ្ដាលឲ្យបែកក្បាលហូរឈាមតែម្ដង ។ ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រើយស្លាដើម្បីជួយដោះស្រាយតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ