ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបើកដៃឲ្យវៀតណាមដឹកក្បឿងតាមទូកឆ្លងដែនចូលតាមច្រករបៀងស្រែបារាំងដោយគ្មានច្បាប់អនុញ្ញាត

ចែករំលែក៖

ខេត្តស្វាយរៀង៖ អាជីវករលក់គ្រឿងសំណង់រិះគន់សមត្ថកិច្ចនគរបាលវរៈការពារព្រំដែន ប៉ុស្តិ៍ច្រករបៀងស្រែបារាំង បើកដៃឲ្យឈ្មួញវៀតណាមនាំក្បឿងពីប្រទេសវៀតណាម ឆ្លងដែនតាមផ្លូវទឹកចូលមកក្រុងស្វាយរៀងរាប់សិបទូកក្នុងមួយថ្ងៃៗ ហើយដាក់តាំងលក់នៅកំពង់កាណូត (ចំណតជលយានក្រុងស្វាយរៀង) និងដឹកលក់តាមរថយន្តពេញខេត្តស្វាយរៀង សង្ស័យគ្មានច្បាប់ ។

ករណីអាជីវករផ្ទុះការរិះគន់នេះ កើតឡើងនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ នៅកំពង់ចំណតជលយាន ក្រុងស្វាយរៀង ស្ថិតនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

ae (1)

បើតាមមន្រ្តីនគបាលម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ឈ្មួញជនជាតិវៀតណាមបានដឹកក្បឿងក្បាច់ ដែលផលិតនៅប្រទេសវៀតណាម តាមទូកប៉ុកចៃធំៗ (ទូកកាណូត) ចូលមកតាមប៉ុស្តិ៍វរៈការពារព្រំដែនច្រករបៀង ស្រែបារាំង ឃុំបាសាក់ ស្រុកស្វាយជ្រំ តាមទន្លេវ៉ៃគោ មកកាន់កំពង់កាណូត ក្រុងស្វាយរៀង ក្នុងមួយថ្ងៃៗ បួនទៅប្រាំគ្រឿង ហើយក្នុងមួយគ្រឿងៗ ដឹកក្បឿងបានរាប់ម៉ឺនសន្លឹក យកមកដាក់តាំងលក់នៅក្នុងចំណតជលយាន ក្រុងស្វាយរៀង រាប់លានសន្លឹក និងដឹកតាមរថយន្តដើរលក់ពាសពេញខេត្ត គ្មានការរំខានពីរសមត្ថកិច្ចពាក់ព័ន្ធឡើយ ។

ទាក់ទឹនឈ្មួញវៀតណាមដឹកក្បឿងតាមទូកមកតាមផ្លូវទឹក ចូលតាមច្រករបៀងស្រែបារាំងនេះដែរ លោកប្រធានចំណតជលយាន ក្រុងស្វាយរៀងបានឲ្យដឹងថា គាត់ដឹងតែយកថ្លៃភាស៊ីទេ ការនាំទំនិញចូល គឺឲ្យសួរទៅសមត្ថកិច្ចច្រករបៀងស្រែបារាំង ។

ចំណែកមន្ត្រីនគបាលប៉ុស្តិ៍ព្រំដែនច្រករបៀង ស្រែបារាំង មិនអាចរកការបំភ្លឺបានទេ នៅថ្ងៃ២៧ ខែមីនា ឆ្នាំ២០១៧ ។

ae (2)

ចំណែក លោកមាក ឆសុវណ្ណារុន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀងបានមានប្រសាសន៍ថា មន្ទីរពាណិជ្ជកម្មពុំមានសមត្ថកិច្ចចេញច្បាប់អនុញ្ញាត ឬចេញអាជ្ញាប័ណ្ណឲ្យឈ្មួញនាំក្បឿងពីបរទេសចូលមកកម្ពុជាទេ មានតែក្រសួង បើមានមែន សង្ស័យថា ជាការបើកដៃពីសមត្ថកិច្ចយាមការពារព្រំដែនឲ្យចូល ។

ae (3)

ប្រភពបន្តទៀតថា ច្រករបៀងស្រែបារាំងជាច្រកផ្លូវទឹក ច្រកមួយនេះ មានប្រធានគណៈកម្មការដែលមន្រ្តីសាលាខេត្តជាប្រធានស្នាក់ការ និងនាយនគរបាលប៉ុស្តិ៍ច្រករបៀងស្រែបារាំងជាអនុប្រធាន ទើបការដឹកទំនិញគ្រប់ប្រភេទចេញ ចូល ដោយរលូនហើយសង្ស័យថា ទំនិញនាំចូលទាំងនោះ គ្មានការត្រួតពិនិត្យពីមន្រ្តីជំនាញទេ ហើយក្រុមអាជីវកររិះគន់ថា ច្បាស់ជាសមត្ថកិច្ចទាំងនោះ ត្រូវថ្នាំឈ្មួញវៀតណាមអស់ហើយមើលទៅ បានជាឈ្មួញវៀតណាមដឹកទំនិញចេញ ចូល ជាពិសេសក្បឿង និងទំនិញគេចពន្ធជាច្រើន គ្មានសមត្ថកិច្ចណារំខាននោះទេ ហើយច្រករបៀងផ្លូវទឹកមួយនេះ គឺបើកយូរឆ្នាំមកហើយ ៕ យឹម សុថាន

 


ចែករំលែក៖