ខេត្តសៀមរាប៖ ឌីជេរប្រចាំក្លិបម្នាក់ត្រូវជនមិនស្គាល់មុខបានបាញ់មកលើជនរងគ្រោះ ចំពោះខាងស្តាំ ចំនួន១គ្រាប់ បណ្តាលឱ្យរងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលទាំងយប់ ដល់ប្រជាពលរដ្ឋនៅក្នុងភូមិនោះ ខណៈជនរងគ្រោះចេញមកពីធ្វើការមកផ្ទះវិញ។
ហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលនោះបានកើតឡើងនៅវេលាម៉ោង ០៣និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ខែ០៣ឆ្នាំ២០១៧ស្ថិតនៅចំនុចជិតផ្សារត្រាំនាគក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។
បើតាមសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ថា បន្ទាប់ពីមានករណីឃាតកម្ម មកលើជនរងគ្រោះ ភ្លាមៗមួយបានកើតឡើងស្ថិតនៅចំណុចជិតផ្សារត្រាំនាគ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប ទើបកម្លាំងសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋបានចុះទៅដល់កន្លែងកើតហេតុ ខណៈនោះជនបង្ក ក៏បានគេចខ្លួនបាត់ទៅហើយ បន្សល់ទុកនៅជនរងគ្រោះ និងគ្រាប់កាំភ្លើង១គ្រាប់តែប៉ុណ្ណោះ។
ប្រភពដដែលបានបន្តថា ជនបង្កមានគ្នា៤នាក់ ពុំស្គាល់មុខ បានស្លៀក ពាក់ឯកសណ្ឋាន និង ស៊ីវិល មានម៉ូតូម៉ាក់សេ១២៥ ពីរគ្រឿង ពុំស្គាល់ម៉ាក បានបាញ់ទៅ លើជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវទៅផ្ទះត្រូវ១គ្រាប់ចំពោះ ខាងស្តាំ បណ្តាលឱ្យរងរបួសជាទម្ងន់ ។
ប្រភពដដែលបានបញ្ជាក់បន្ថែមថា ជនរងគ្រោះមាន ឈ្មោះ មាស សុធារ័ត្ន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ ឌីជេរនៅក្នុងក្លឹបឆេរ ម្តុំផ្សារចាស់ មានទីលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប។ ក្រោយធ្វើសកម្មភាពជនសង្ស័យ បានជិះម៉ូតូ ទៅទិសខាងត្បូងបាត់ ចំណែកជនរងគ្រោះ ត្រូវបានសមត្ថកិច្ចហៅរថយន្តសង្គ្រោះបន្ទាន់ មកដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប។
សូមបញ្ជាក់ផងដែរថា បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ បានសន្និដ្ឋានថាក្នុ ងរឿងករណីឃាតកម្មគិតទុកជាមុននេះ ករណីនេះសង្ស័យ ជារឿងគំនុំ ព្រោះជនបង្កប្រហែលធ្លាប់មានទំនាស់ជាមួយជនរងគ្រោះ ។ បច្ចុប្បន្នជនរងគ្រោះកំពុងដេកសម្រាកព្យាបាលបន្ទាន់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
សមត្ថកិច្ចកំពុងតែបើកការស៊ីបអង្កេតរកជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់ ៕ ប៊ុន រិទ្ធី