ខេត្តកណ្តាលៈ នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកស្អាង បានបញ្ជូនខ្លួនបុរសជនជាតិវៀតណាម ជាអ្នកបើកបររថយន្តដឹកត្រីបុកមនុស្សស្លាប់ ទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង១៥ និង១០នាទី ថ្ងៃទី៣ ខែមេសា បុរសជនជាតិវៀតណាមខាងលើនេះ បានបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ប្រភេទដឹកទំនិញ (ដឹកត្រី) ពាក់ស្លាកលេខភ្នំពេញ3B-1377 ក្នុងស្ថានភាពស្រវឹងជ្រុលទៅបុកគូថម៉ូតូបើកស្របទិសគ្នាពេញមួយទំហឹង បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ។ ក្រោយពីបង្កហេតុអ្នកបើកបររថយន្តបានព្យាយាមបន្ថែមល្បឿនបើកគេចឆ្ពោះទៅភូមិសាស្ត្រឃុំក្រាំងយ៉ូវ តែត្រូវបានសមត្ថកិច្ចតាមក្របួចមកវិញ ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា បុរសជនជាតិវៀតណាម ដែលត្រូវបានចាប់ខ្លួននោះ ឈ្មោះ លីវ សុផាត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរបើកបររថយន្តដឹកត្រី មានទីលំនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ចំណែកឯស្ត្រីរងគ្រោះឈ្មោះ ហេង វ៉ាន់ថា ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរមានទីលំនៅភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ជិះម៉ូតូម៉ាកហុងដាគុបជ្រុង ធុនសេ៩០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខកណ្តាល1T-5174 ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្តវបង្កបើកបរតាមបណ្តោយផ្លូវជាតិលេខ២១B ក្នុងទិសដៅពីជើងទៅត្បូង ដោយល្បឿនលឿន ខណៈបើកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកម៉ូតូស្ត្រីរងគ្រោះកំពុងជិះស្របទិសគ្នាពេញមួយទំហឹង បណ្តាលឲ្យស្ត្រីរងគ្រោះរងរបួសយ៉ាងធ្ងន់ធ្ងររហូតស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម ។
ក្រោយពីបង្កហេតុបណ្តាលឲ្យមានមនុស្សស្លាប់ អ្នកបើកបររថយន្តបានព្យាយាមបន្ថែមល្បឿន បើកគេចឆ្ពោះទៅភូមិសាស្ត្រឃុំក្រាំងយ៉ូវ តែត្រូវបានសមត្ថកិច្ចតាមក្របួចមកវិញ វាស់រកឃើញមានជាតិអាកុលនៅក្នុងខ្លួនមានចំនួន០,៤៨មីលីក្រាមក្នុងមួយលីត្រខ្យល់ ដើម្បីចាត់ការតាមច្បាប់ ។ ដោយឡែកសាកសពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចនករបាលប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ