ព័ត៌មានទាន់ហេតុការណ៍៖

ច្រករបៀងទំនប់ដាច់នៅតែអនុញ្ញាតឲ្យមានពលរដ្ឋឆ្លងដែនខុសច្បាប់រាល់ថ្ងៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ច្រករបៀង ទំនប់ដាច់ ស្ថិតក្រោមការគ្រប់គ្រងរបស់យោធាការពារព្រំដែន ក្នុងភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ត្រូវបានប្រជា ពលរដ្ឋចោទប្រកាន់ថា បើកឲ្យពលករខ្មែរចំណាកស្រុកទៅប្រទេសថៃ និងនាំទំនិញ គេចពន្ធចូលកម្ពុជាដោយខុសច្បាប់ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្នុង មួយថ្ងៃៗ មានពលករខ្មែររាប់សិបនាក់ ត្រូវបានមេខ្យល់នាំឆ្លងដែនចេញទៅរកការងារធ្វើនៅប្រទេសថៃដោយខុសច្បាប់ ដោយពុំ មានការរារាំង ឬទប់ស្កាត់នោះទេ មានតែការរាប់មនុស្សយកលុយក្នុងមនុស្សម្នាក់ត្រូវបង់ឲ្យយោធាដែលប្រចាំការតាមច្រក របៀងខុសច្បាប់៥ពាន់រៀលតែប៉ុណ្ណោះ ដោយខាងយោធាមានទាំងកន្លែងសម្រាប់ជ្រក និងឃ្លាំងសម្រាប់លាក់បំពួនពលករ ផងដែរ ។

ដោយឡែកបើតាមសមត្ថកិច្ចដែលធ្លាប់ទប់ស្កាត់ពលករ និងឃាត់ខ្លួនមេខ្យល់បាន ឲ្យដឹងថា បច្ចុប្បន្នពលករខ្មែរដែលចេញទៅរកការងារនៅប្រទេសថៃ ភាគច្រើនមិនត្រូវបានចេញតាមរយៈមេខ្យល់ដែលយកលុយម្នាក់ពី១៨០០បាត ទៅ២.៥០០បាត នោះទេ ដោយពួកគាត់ច្រើនចេញដោយ ខ្លួនឯង និងរកការងារដោយខ្លួនឯង ព្រោះ ពួកគាត់បានស្គាល់ផ្លូវ និងទីតាំងការងារ ។ ជាពិសេសទៅទៀតនោះឥឡូវនេះមានរថយន្តថៃចាំដឹកដល់ព្រំដែន ដោយគ្រាន់តែធ្វើយ៉ាងណាឲ្យតែពួកគាត់ត្រូវបានទាហានអនុញ្ញាតឲ្យឆ្លងដែនជាការស្រេច ។

ចំពោះការធ្វើដំណើរតាមរថយន្តថៃ ក្នុងម្នាក់ពី៧០០ទៅ៨០០បាតដល់ទីក្រុងបាងកកដែលការចំណាយនេះវាតិចជាងការឲ្យមេខ្យល់នាំផ្លូវ ។

ថ្វីដ្បិតតែការចំណាកស្រុកបច្ចុប្បន្នមិនសូវតាមរយៈមេខ្យល់ពិតមែន តែវានៅតែជាការចំណាកស្រុកដោយខុសច្បាប់ តាម រយៈការបើកភ្លើងខៀវពីទាហានវាផ្ទុយទៅនឹងច្បាប់និងអនុសាសន៍របស់សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលធ្លាប់ប្រកាសឲ្យបិទច្រករបៀងក្នុងការនាំចេញមនុស្ស និងទំនិញខុសច្បាប់ ។

ទាក់ទងនឹងបញ្ហានៃការរិះគន់ខាងលើ ភ្នាក់ងារយើងមិនអាចសុំការបំភ្លឺពីលោក កែវ ណារិន ជាមេគ្រប់គ្រងច្រកទំនប់ដាច់ នេះបានទេ ៕ ហេង នរិន្រ្ទ

1


ចែករំលែក៖