ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់ផ្ទះរវល់ទៅឆេងម៉េង កម្មករនៅផ្ទះយកម៉ូតូរ៉ឺម៉ក និងទូរស័ព្ទទៅបញ្ចាំចាយលុយម៉ត់

ចែករំលែក៖

ភ្នំពេញ: កម្មករដឹកហ្គាសឲ្យម៉ូយម្នាក់ ត្រូវបានម្ចាស់ផ្ទះចាប់យកទៅប្រគល់ឲ្យសមត្ថកិច្ចនគរបាលស្ទឹងមានជ័យចាត់ការតាមច្បាប់ បន្ទាប់ពីរូបគេបានធ្វើសកម្មភាពលួចយកម៉ូតូរឺម៉កនិងទូរស័ព្ទទៅបញ្ចាំចាយលុយអស់ ពេលដែលម្ចាស់ផ្ទះ ជាប់រវល់ទៅឆេងម៉េងនៅស្រុកកំណើត។

កម្មកររូបនេះត្រូវម្ចាស់ផ្ទះឃាត់ខ្លួនយកទៅប្រគល់ឲ្យសមត្ថកិច្ចកាលពីវេលាម៉ោង៩និង១០នាទី ព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ នៅត្រង់ផ្លូវបេតុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ គ្រដែលគេគេច ខ្លួនបានពីរថ្ងៃ ។

មន្រី្តនគរបាលប៉ុសន្តិ៍ស្ទឹងមានជ័យបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ យស់ ចាន់ដារា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ។ ចំណែកជនរងគ្រោះមានឈ្នោះ ជា វុទ្ធី អាយុ៣៨ឆ្នាំមុខរបរលក់ហ្គាស ស្នាក់នៅភូមិព្រែកទាល់សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ជនរងគ្រោះបានឲ្យដឹងថា កន្លងមករូបគាត់ឃើញជនសង្ស័យគ្មានការងារធ្វើ ហើយមានចិត្តអាណិតពេកក៏បានឲ្យមកជួយដឹកធុងហ្គាសដាក់ឲ្យម៉ូយនិងដោយគិតថាជាអ្នកជិតខាងអាចទុកចិត្តបានទើបហៅមកនៅជាមួយដោយឲ្យបាក់ខែត្រឹមត្រូវ។ លុះមកដល់ថ្ងៃទី៣ ខែមេសាឆ្នាំ២០១៧ រូបគាត់និងក្រុមគ្រូសារបាននាំគ្នាទៅឆេងម៉េងដោយឲ្យឈ្មោះ យស ចាន់ដារានៅផ្ទះនិងទុកទូរស័ព្ទអាយហ្វូន១គ្រឿងគ្រាន់ទាក់ទងម៉ូយទិញហ្គាស។ លុះពេលមកផ្ទះវិញទើបដឹងថាជនសង្ស័យយករ៉ឺម៉កម៉ូតូ និងទូរសព័្ទទៅបញ្ចាំបានប្រាក់ ២៥០ដុល្លាររួចគេចពីផ្ទះបាត់ ។

ជនរងគ្រោះបន្តថា ក្រោយមកគឺនៅព្រឹកថ្ងៃថ្ងៃទី៥ខែមេសាឆ្នាំ២០១៧ គាត់បានប្រទះឃើញ ជនសង្ស័យនៅឈរម្តុំស្ទឹងមានជ័យក៏បានចាប់ប្រគល់ឲ្សសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យតែម្តងទៅ។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថាខ្លួនពិតជាបានយកម៉ូតូរ៉ឺម៉កនិងទូរស័ព្ទដៃរបស់ម្ចាស់ផ្ទះទៅបញ្ចាំបានប្រាក់ចំនួន២៥០ដុល្លារ ប្រាកដមែនហើយលុយនោះបានយកទៅស៊ីចាយអស់ហើយ ។បន្ទាប់មកគេឃើញឪពុកជនសង្ស័យមកសំពះអង្វរជនរងគ្រោះនិងធ្វើកិច្ចសន្យាធានាចេញសងទៅជនរងគ្រោះវិញដើម្បីយករ៉ឺម៉កម៉ូតូ និងទូរស័ព្ទមកប្រើប្រាស់វិញបញ្ចប់បញ្ហានៅប៉ុស្តិ៍នគរបាលតែម្តងទៅ ៕ ប្រាថ្នា

 


ចែករំលែក៖