ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បន្ទាប់ពីថៅកែ BRS លក់ និងទិញរថយន្តបាននាំគ្នាផឹកស្រវឹង ហើយបង្កហិង្សាមកចូលវាយក្រុមកម្មករមជ្ឈមណ្ឌលថែទាំរថយន្តហ្វាសឃ្លីនដល់កន្លែងបណ្តាលអោយរងរបួសបែកមុខ បែកមាត់ ដោយមិនដឹងមូលហេតុ ខណៈពួកគេកំពុងអង្គុយនិយាយគ្នាលេង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ នៅផ្លូវ២៦១កែងផ្លូវ១៩២ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនរងគ្រោះទី១ ឈ្មោះសេង វាន់ទិត្យ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរលាងឡាន ស្នាក់នៅកន្លែងកើតហេតុ ទី២ ឈ្មោះហ៊ឿន រតនា ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបលាងឡាន ស្នាក់នៅកន្លែងកើតហេតុ។
តាមសំដីសេង វាន់ទិត្យ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់ និងអ្នកដែលធ្វើការជាមួយមានគ្នាជិត១០នាក់ បន្ទាប់ពីសម្រាក់ការងារ ក៏នាំគ្នាអង្គុយនិយាយគ្នាលេងនៅក្នុងកន្លែងធ្វើការ ។
ដោយឡែក ក្រុមបង្កបាននាំគ្នាអង្គុយផឹកសីុនៅកន្លែងធ្វើការគេដែរ ។ រហូតមកដល់វេលាកើតហេតុមិនដឹងថា មានរឿងអី ស្រាប់តែក្រុមទាំងនោះលើកគ្នាជាង១០នាក់ ប្រដាប់ដោយដំបង និងកាំបិតមកព្រួតវាយ ចូលដល់ក្នុងកន្លែងតែម្តង បណ្តាលរងរបួសបែកមុខ បែកមាត់ ហើយក្រុមបង្កចូលទៅកន្លែងអង្គុយផឹកយ៉ាងរំភើយ មិនត្រឹមតែប៉ុណ្ណោះពួកក្រុមបង្កបានស្រែកឲ្យក្រុមនរងគ្រោះថា ចង់ហៅប៉េអឹម ប៉ុន្មានឡានក៏គេមិនខ្លាចដែរ ។
ក្រោយមកជនរងគ្រោះបានរាយការណ៍ទៅកម្លាំងអាវុធហត្ថខណ្ឌទួលគោកដើម្បីជួយអន្តរាគមន៍ ។ ភ្លាមនោះកម្លាំងអាវុធហត្ថបានចុះមកដល់ចំណុចកើតហេតុ និងសួរនាំតែមិនបានឃាត់ក្រុមបង្កនោះទេ ឬក៏ក្រុមបង្កទាំងនោះអាងខ្នងធំនៅខាងក្រោយទើបកម្លាំងមិនហ៊ានដូចនោះ ហើយបានរុញជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅនគរបាល ។
សាក្សីដដែលបានបន្តថា មួយសន្ទុះក្រោយមកស្រាប់តែមានកម្លាំងនគរបាល៤នាក់បានជិះម៉ូតូ២គ្រឿងមកជិះក្រវែលហើយក៏ជិះទៅវិញបាត់ ។
ជនរងគ្រោះបានបញ្ជាក់ថា ពួកគេ និងជនបង្កមិនដែលមានទំនាស់គ្នាទេ រហូតមកដល់ពេលនេះ ស្រាប់តែជនបង្កមកវាយដល់កន្លែងតែម្តង ដោយមិនដឹងមូលហេតុ ។
ក្រោយមកជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទឹកល្អក់៣ តែសមត្ថកិច្ចមិនទទួលពាក្យបណ្តឹងដោយនិយាយថា កើតហេតុយូរហើយ ទើបមកដាក់ពាក្យបណ្តឹង ហើយជនរងគ្រោះក៏បានទៅផ្ទះវិញទាំងអស់សង្ឃឹម។
ទោះជាយ៉ាងណា ជនរងគ្រោះទទូចសុំការអន្តរាគមន៍ពីសមត្ថកិច្ច ដើម្បីហៅក្រុមបង្កមកដាក់ទោសតាមច្បាប់ ចៀសវាងបានដៃ ថ្ងៃក្រោយដើរបង្កហិង្សាដាក់អ្នកស្លូតត្រង់ទៀត ៕ សុខាសែនជ័យ