ភ្នំពេញ៖ សន្តិសុខក្លឹបរីលែក្សបានឃាត់ជនសង្ស័យម្នាក់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីជននោះផឹកស្រវឹង ហើយបង្កការអុកឡុកនៅក្នុងក្លឹប និងរកឃើញសារធាតុញៀននៅជាប់ខ្លួន។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១និង១៥នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ នៅចំណុចក្នុងក្លឹបរីលែក្ស ផ្លូវ២០១១ ក្រុមទី០៤ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។
ជនសង្ស័យឈ្មោះ ទូច ភឿន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ដកហូតថ្នាំញៀន១កញ្ចប់តូច ។
សន្តិសុខយាមក្លឹបរីលែក្ស បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍កាកាប ថាមានបុរសម្នាក់ឈ្មោះ ទូច ភឿនបានឈ្លោះ ប្រកែកគ្នាជាមួយមិត្តភក្តិកំពុងផឹកស៊ីជាមួយគ្នាក្នុងក្លឹប រីលែក្ស ហើយបន្ទាប់មកសន្តិសុខបាននាំពួកគេទាំងនោះដើម្បីសួរនាំ ដែលបង្កជម្លោះវាយតប់គ្នាធ្វើឲ្យបែកតុកញ្ចក់អង្គុយផឹកស៊ី ស្រាប់តែពេលនោះមានម្ស៉ៅក្រាមពណ៌សថ្លាចំនួន១កញ្ចប់កូនថង់តូច នៅក្រោមតុ របស់ជនសង្ស័យ ហើយសន្តិសុខក្លឹប បានឃាត់សួរនាំរហូតម៉ោងប្រហែល៤ទៀបភ្លឺ ទើបបានផ្តល់ព័ត៌មានដល់សមត្ថកិច្ច ដើម្បីយកសង្ស័យទៅសាកសួរបន្ត ។
បច្ចុប្បន្នជនសង្ស័យកំពុងសាកសួរនៅប៉ុស្តិ៍នគរបាលប៉ុស្តិ៍កាកាប និងកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិសែនជ័យដើម្បីបន្តអនុវត្តន៍តាមនីតិវិធី ៕ សុខាសែនជ័យ