មានភាពមិនប្រក្រតីមួយកើតមាននៅក្នុងមន្ទីរដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តព្រះសីហនុ បន្ទាប់ពីមន្ត្រីនៅក្នុងមន្ទីរមួយនេះនាំគ្នាជ្រួលជ្រើមនិងបម្រុងប្រតិកម្មខ្លាំង ដោយទទួលដំណឹងថា ថ្នាក់លើ កំពុងរៀបចំឯកសារតែងតាំង អនុប្រធានការិយាល័យរៀបចំដែនដីនគររូបនីយកម្ម សំណង់ និងភូមិបាលថ្នាក់ស្រុកម្នាក់ធ្វើជាអនុប្រធានមន្ទីរដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ទៅអ្វីដែលមន្រី្តទាំងនោះនិយាយថាដូចជាផ្លោះរបង និងផ្ទុយពីអនុក្រឹត្យ របស់រាជរដ្ឋាភិបាលដែលតម្រូវឲ្យមន្ទីរនីមួយៗមានតែអនុប្រធានតែ៣នាក់ប៉ុណ្ណោះ ហើយសព្វថ្ងៃមានដល់ទៅ៥នាក់ រួចទៅហើយនោះ ។
មន្រី្តជាច្រើនបានលួចបង្ហើបឲ្យដឹងថា លោក សេង សុខណាក់ ដែលមានអាយុទើបតែ៣៣ឆ្នាំ ជាអនុប្រធានការិយាល័យរៀបចំដែនដីនគររូបនីយកម្ម សំណង់ និងភូមិបាល ស្រុកព្រៃនប់ ដែលមានកាំប្រាក់ ក៣-៦ កំពុងរត់ការជាមួយថ្នាក់លើ និងដោយមានការអន្តរាគមន៍ពីឯកឧត្តមឧបនាយករដ្ឋមន្រី្តម្នាក់ ដើម្បីបានតំណែងជាអនុប្រធានមន្ទីរដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្តព្រះសីហនុ រហូតជិតបានសម្រេចហើយ ។
មន្រី្តនិយាយថា ការប្រឹងប្រែងយក តំណែងខ្លាញ់នេះវាពិតជាអនុវត្តផ្ទុយនឹងអនុក្រឹត្យលេខ១១៤ ឋអនក្រ ចុះថ្ងៃទី៧ខែកញ្ញាឆ្នាំ២០១៥ របស់រាជរដ្ឋាភិបាលខ្លាំងណាស់ ព្រោះបានកំណត់ ឲ្យមានអនុប្រធានមន្ទីរតែ៣នាក់ តែឥឡូវមានរហូតដល់៥នាក់លើស២នាក់ទៅហើយ ចាំបាច់តែងម្នាក់ទៀត ឲ្យគ្រប់៦នាក់ធ្វើអី ? ម្យ៉ាងទៀតបើចង់ដំឡើងតួនាទីបន្ថែមមែននោះ ម៉េចមិនធ្វើតាមអនុក្រឹត្យឬធ្វើតាមអនុសាសន៍របស់សម្តេចតេជោ ដែលតម្រូវឲ្យឡើងតាមឋានានុក្រមជ្រើសរើសនៅក្នុងអង្គភាពផ្ទាល់ ម៉េចចាំបាច់យកមកពីអង្គភាពក្រៅដែល មានវ័យក្មេងល្ហក់ ផ្លោះពីអនុប្រធានការិយាល័យ រំលងប្រធានការិយាល័យ ទៅជាអនុប្រធានមន្ទីរអូតូម៉ាទិកយ៉ាងនេះ ? ឬមួយអ្នកមានឋានៈតាមលំដាប់លំដោយធ្លាប់មានបទពិសោធន៍យូរឆ្នាំ ឬអ្នកខ្លះធ្វើការមិនតិចជាង២០ឆ្នាំនៅក្នុងមន្ទីរមួយនេះគ្មានសមត្ថភាពដូចលោក សេង សុខណាក់ ?
ក្រុមមន្រី្តលួចខ្សឹបប្រាប់ថា ពួកគាត់ទំនងជាមិនស្បើយក្នុងចិត្ត និងមិនអាចឈរស្ងៀមឱបដៃឈរ មើលការតែងតាំងលោកអនុប្រធានមន្ទីរម្នាក់នេះដោយភាពមិនប្រក្រតីបែបនេះទេ គឺច្បាស់ជានាំគ្នា ដុតកង់ឡាន ឬកាន់បដាទៅរកសម្តេចតេជោឲ្យជួយរកយុត្តិធម៌មិនខាន ៕