ព័ត៌មានទាន់ហេតុការណ៍៖

ចងកសម្លាប់ខ្លួនចោលកូន៤នាក់ ក្រោយលែងប្តីរយៈពេល៥ខែ

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ ស្រ្តីមេម៉ាយម្នាក់បានដាច់ចិត្តចងកសម្លាប់ខ្លួនចោលកូន៤នាក់ កាលពីវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧ ។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិអូរសោម ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។

ប្រភពឲ្យដឹងថា ជនរងគ្រោះឈ្មោះហៀប រ៉េត ភេទស្រី អាយុ៤៨ឆ្នាំ ជាស្រ្តីមេម៉ាយកូន៤ស្រីម្នាក់ រស់នៅក្នុងភូមិអូរសោម ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។

បុរសម្នាក់ត្រូវជាក្មួយស្ត្រីរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះមានប្តីឈ្មោះ ដឿន ភ័ណ្ឌ អាយុជាង៥០ឆ្នាំ មានកូន៤នាក់ ។ ជនរងគ្រោះ និងប្តីទើបតែលែងលះគ្នាបានចំនួន៥ខែប៉ុណ្ណោះ ហើយកាលពីនៅជួបជុំនឹងប្តី គាត់(ស្ត្រីរងគ្រោះ)បានចងកម្តងរួចមកហើយ តែត្រូវបានគេជួយសសង្គ្រោះទាន់ពេលវេលា រួចផុតពីការស្លាប់ ។

បុរសដដែលបានបន្តថា មុនពេលកើតហេតុ១០ថ្ងៃ ជនរងគ្រោះបាននិយាយប្រាប់អ្នកជិតខាងថា ខ្លួនចង់តែចងកសម្លាប់ខ្លួន ដោយមិនចង់រស់នៅទេ ហើយអ្នកជិតខាងបាននិយាយថា កុំចងកសម្លាប់ខ្លួនចោលកូនៗ ទុកជីវិតនៅរស់ គ្រាន់មើលថែកូនៗល្អជាង ។ ស្រាប់តែនៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧ អ្នកភូមិជិតខាងបានចេញទៅធ្វើការងារអស់ស្រ្តីរងគ្រោះបានយកក្រមាទៅចងកនៅនឹងដើមស្វាយចន្ទី ដែលនៅពីមុខផ្ទះចម្ងាយ១៥ម៉ែត្របាត់បង់ជីវិត ។

របាយការណ៍ប៉ូលីសស្រុកត្រពាំងប្រាសាទបានឱ្យដឹងថា ក្រោយពីបានទទួលព័ត៌មាននេះ សមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យនៅជុំវិញកើតហេតុឃើញថា ស្រ្តីរងគ្រោះពិតជាយកក្រមាចងកធ្វើអត្តឃាតពិតប្រាកដមែន ។ សមត្ថកិច្ចបានប្រគល់សាកសពទៅឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៉ែន នួន


ចែករំលែក៖