ខេត្តកំពង់ស្ពឺ៖ កាលពីវេលាម៉ោង៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យករណីបង្កហិង្សាដោយចេតនា ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ។
សេចក្តីរាយការណ៍ឲ្យដឹងថា កម្លាំងផ្នែកព្រហ្មទណ្ឌស្រុកសំរោងទង សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាល រដ្ឋបាលត្រពាំងគង បានឃាត់ឈ្មោះ អេង ឌីណា ភេទប្រុស អាយុ ៣៣ឆ្នាំ ជាម្ចាស់ហាងម៉ាស្សាកោសជប់ និងឈ្មោះ អេង លីដា ភេទប្រុស អាយុ៣០ឆ្នាំ ស្រុកកំណើតភូមិទួលធាតុ ឃុំពាមប្រធ្នួស ស្រុកកោះសូទីន ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ព័ន្ធករណីហិង្សាដោយចេតនា ។
សមត្ថកិច្ចបញ្ជាក់នៅក្នុងរបាយការណ៍ថា ជនសង្ស័យខាងលើនេះ បានយកដែកបំពង់ទីបវាយទៅលើឈ្មោះ សួស ពេញ ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិរលាំងគ្រើល ឃុំរលាំងគ្រើល ស្រុកសំរោងទង និងឈ្មោះ លី ចិនចាវ ភេទប្រុស អាយុ 25ឆ្នាំ នៅភូមិចំការបុស្ស ឃុំរលាំងគ្រើល ស្រុកសំរោងទង បណ្ដាលឲ្យរងរបួសធ្ងន់ នៅចំណុចហាងកោសជប់ យីហោ ឌីណា 168 ស្ថិតនៅភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យសម្ភពថ្នល់ទទឹង កាល វេលាម៉ោង១រំលងអធាត្រឈានចូលថ្ងៃទី១០ ខែមេសា ។
សមត្ថកិច្ចបញ្ជាក់ថា ការឃាត់ជនសង្ស័យខាងលើនេះ សមត្ថកិច្ចបានដកហូតគ្រឿងញៀន២កញ្ចប់តូចនៅជាប់នឹងខ្លួនឈ្មោះ លី ចិនចាវផងដែរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយទៅលើជនរងគ្រោះ ពិតប្រាកដមែន ។ ជនសង្ស័យ និងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនតាមនីតិវិធី ៕