ភ្នំពេញ៖ កម្មវិធីវិធានការសុវត្ថិភាពចរាចរណ៍ផ្លូវគោក (SAFE STEPS Road Safety) ដែលជាយុទ្ធនាការថ្នាក់តំបន់មួយ ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការកាលពីពេលថ្មីៗកន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងអំឡុង ទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០ ។ អ្នកចូលរួមប្រមាណជាង២ពាន់នាក់ ដែលរួមមានមន្ត្រីរាជការ ប្រជាពលរដ្ឋក្នុងសហគមន៍ សិស្សានុសិស្ស បងប្អូន កម្មករ-កម្មការនី និងមន្ត្រីនគរបាលជាដើមបានចូលរួមក្នុងពិធីសម្ពោធនេះ ដែលប្រព្រឹត្តទៅក្នុងខេត្តព្រៃវែង ។
នេះជាឆ្នាំទី១០ហើយ ដែលទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកត្រូវបានប្រារព្ធឡើង ដោយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកដែលព្រឹត្តិការណ៍ឆ្នាំនេះ ត្រូវបានរៀបចំឡើងក្រោមភាពជាដៃគូជាមួយអង្គការសម្ព័ន្ធ ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងមូលនិធិព្រូដិនស៍សំដៅលើកកម្ពស់ការយល់ដឹង អំពីទម្លាប់ប្រើប្រាស់ផ្លូវប្រកបដោយសុវត្ថិភាព រួមមានដូចជាសារៈសំខាន់ នៃការគោរពច្បាប់ចរាចរណ៍ និងវិធីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។ កិច្ចការនេះ មានសារៈសំខាន់ ជាពិសេសខណៈពិធីបុណ្យចូលឆ្នាំខ្មែរ កាន់តែខិតជិតមកដល់ ជាពេលវេលាដែលប្រជាជនកម្ពុជាជាច្រើនធ្វើដំណើរត្រឡប់ទៅស្រុកកំណើត និងជាពេលវេលាដែលអត្រាគ្រោះថ្នាក់ចរាចរណ៍តែងងើបឡើងខ្ពស់ផងដែរ ។ បង្កើតឡើងដោយមូលនិធិព្រូដិនស៍ ក្រោមភាពជាដៃគូជាមួយនឹងប៉ុស្តិ៍ទូរទស្សន៍ National Geographic Channel និងសហព័ន្ធយានយន្តអន្តរជាតិ (FIA) កម្មវិធីវិធានការសុវត្ថិភាពចរាចរណ៍ផ្លូវគោកមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់ផ្លូវប្រកបដោយសុវត្ថិភាពនៅក្នុងតំបន់អាស៊ី ។ កម្មវិធីនេះ មានការចាក់វីដេអូអប់រំខ្លីៗរបស់ លោកស្រី Michelle Yeoh ជាតារាសម្តែងលំដាប់អន្តរជាតិ និងជាអគ្គរាជទូតសុឆន្ទៈរបស់កម្មវិធីដោយក្នុងនោះ លោកស្រីនឹងចែករំលែកគន្លឹះនិងដំបូន្មានច្បាស់លាស់ និងមានសារប្រយោជន៍ដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់រួមមានដូចជាបង្កើនការប្រុងប្រយ័ត្នពេលបើកបរកុំបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងប្រុងប្រយ័ត្នចំពោះអ្នកបើកបរម៉ូតូ និងអ្នកថ្មើរជើងពាក់ខ្សែក្រវាត់សុវត្ថិភាពឲ្យបានត្រឹមត្រូវនិងបើកបរតាមល្បឿនកំណត់ ។
លោក David Nutman អគ្គនាយកក្រុមហ៊ុនព្រូដិនសលកម្ពុជា ដែលតំណាងឲ្យមូលនិធិព្រូដិនស៍ និងក្រុមហ៊ុនព្រូដិនសលកម្ពុជាបានបញ្ជាក់អំពីសារៈសំខាន់ នៃកម្មវិធីវិធានការសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់ប្រទេសកម្ពុជា ។ លោកថា “មូលនិធិព្រូដិនស៍ ដែលជាផ្នែកមួយនៃក្រុមហ៊ុនព្រូដិនសលយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅអំពីសុខភាព សុវត្ថិភាព និងការគាំពារជីវិតប្រជាពលរដ្ឋ ហើយយើងមានកិត្តយសយ៉ាងពន់ពេក ដោយបានដាក់ឲ្យដំណើរការកម្មវិធីវិធានការសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា ។ នៅប្រទេសក្នុងតំបន់អាស៊ីជាច្រើន គ្រោះថ្នាក់ចរាចរណ៍នៅតែជាឃាតកលេខមួយដែលឆក់យកជីវិត មនុស្សវ័យក្មេងដែលមានអាយុចន្លោះពី១៥ទៅ២៩ឆ្នាំ ដែលក្នុងនោះកម្ពុជា ក៏ជួបប្រទះបញ្ហាដូចគ្នា ។
លោកJustin Chang ប្រធានគ្រប់គ្រងកម្មវិធីថ្នាក់តំបន់នៃមូលនិធិព្រូដិនស៍បានបញ្ជាក់ថា ចំណុចគន្លឹះមួយនៃកម្មវិធីនេះ គឺការបង្កើតភាពជាដៃគូ ជាពិសេសជាមួយអង្គការ និងស្ថាប័នរដ្ឋាភិបាលក្នុងប្រទេសនានាទូទាំងតំបន់អាស៊ីសំដៅបង្កើតឲ្យមានការផ្លាស់ប្តូរពិតប្រាកដ ក្នុងសង្គម ។ លោកថា៖ “មានសារៈសំខាន់ណាស់ ដែលយើងទាំងអស់គ្នាត្រូវធ្វើការរួមគ្នាដើម្បីលើកកម្ពស់ការយល់ដឹង និងអប់រំអំពីសុវត្ថិភាពចរាចរណ៍ទៅដល់មនុស្សច្រើនបំផុតតាមដែលអាចធ្វើបាន ។ ប្រទេសកម្ពុជា បាននិងកំពុងអភិវឌ្ឍន៍យ៉ាងឆាប់រហ័សហើយ ជាពិសេសសម្រាប់យុវវ័យ នៃប្រទេសកម្ពុជាយើងចង់បណ្តុះគំនិតរបស់ពួកគេ ពីវ័យក្មេងឲ្យពួកគេយល់ដឹងពីសារៈសំខាន់នៃការរក្សាសុវត្ថិភាពឲ្យបានល្អពេលធ្វើដំណើរតាមដងផ្លូវ” ។
លោកស្រីមឹន មាណវី អគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានថ្លែងថា “ស្របពេលដែលយើងអបអរសាទរទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០ និងដោយមានការគាំទ្រពីមូលនិធិព្រូដិនស៍ក្នុងឆ្នាំនេះ យើងបន្តប្តេជ្ញាចិត្តលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅកម្ពុជា សំដៅកាត់បន្ថយការរបួស និងស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា” ។ តាមរយៈការផ្សព្វផ្សាយកម្មវិធីវិធានការ សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា គេមានសង្ឃឹមថា គ្រោះថ្នាក់ចរាចរណ៍នឹងធ្លាក់ចុះហើយដងផ្លូវនៅប្រទេសកម្ពុជា នឹងមានសុវត្ថិភាពជាងមុនសម្រាប់អ្នកធ្វើដំណើរគ្រប់រូប ។
យោងតាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកាលពីឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍បានធ្លាក់ចុះ១១ភាគរយ បើធៀបនឹងឆ្នាំ២០១៥ ក្រោយពីមានការដាក់ឲ្យអនុវត្តនូវច្បាប់ចរាចរណ៍ថ្មីកាលពីខែមករាឆ្នាំ២០១៦ ។ ចំនួនគ្រោះថ្នាក់ចរាចរណ៍ដែលបានរាយការណ៍គឺមានចំនួន៣៧០០ករណី ដែលក្នុងនោះមនុស្ស៦៦០៧នាក់បានរងរបួស និង១៧១៧នាក់បានបាត់បង់ជីវិត ៕ វឌ្ឍនា