ភ្នំពេញ: បុរសជនជាតិចិនម្នាក់ ដួលរលាត់ដាច់មុខមាត់ហូរឈាមកក្លាក់រងបួសស្រាល និងម៉ូតូត្រូវដួលចូលក្រោមរថយន្តអូសជាច្រើនម៉ែត្រដោយសារស្ត្រីម្នាក់បើករថយន្តឆ្លាមមួយគ្រឿងដល់ចំណុចផ្លូបំបែកជា៤ ខ្វះការប្រុងប្រយ័ត្នទៅបុកម៉ូតូទាំងកំរោល ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ៥១ កែងនឹងផ្លូវលេខ៣២២ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកកាមរីឆ្លាម ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2G-2578 បើកបរដោយស្ត្រីជាជនជាតិខ្មែរមិនស្គាល់ឈ្មោះម្នាក់មានវ័យប្រមាណជិត៣០ឆ្នាំ ធ្វើដំណើរ តាមបណ្តោយផ្លុវលេខ៥១ ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុខាងលើ ដែលជាចំណុចផ្លូវបំបែកជា៤នោះ ស្រី្តរូបនេះបើកបរខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូម៉ាកស៊ុយហ្ស៊ុយគីស្តេប ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1R-2172 មួយគ្រឿង ដែលកំពុងតែបើកបរដោយបុរសជនជាតិចិនម្នាក់ក្នុងគោលបំណងឆ្លងផ្លូវពីកើតទៅលិច បណ្តាលឲ្យដួលអូសជាប់ខាងក្រោមរថយន្តអូសជាច្រើនម៉ែត្រ និងបុរសជនជាតិចិន រងរបួសរលាត់ដាច់មុខមាត់ និងដៃ ជើង រងរបួសស្រាលតែម្តង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរខណ្ឌចំការមនចុះទៅដល់កន្លែងកើតហេតុ វាស់វែងរក ដោះស្រាយគ្នាដោយភាគីខាងរថយន្តឆ្លាមបង្កសុខចិត្ត ចេញថ្លៃព្យាបាលជំងឺ និងជួសជុលម៉ូតូដល់បុរសជាជនជាតិចិនរងគ្រោះ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង៕ ប្រាថ្នា