ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកស្ទឹងហាវឆ្មក់ចុះអនុវត្តដីកាចាប់ខ្លួនជនសង្ស័យម្នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកស្ទឹងហាវឆ្មក់ចុះអនុវត្តដីកាចាប់ខ្លួនជនសង្ស័យម្នាក់​ពីបទ ប្រើប្រាស់ លក់ ចែកចាយគ្រឿងញៀន ដែលជាមុខសញ្ញាចាស់ ។

សេចក្តីរាយការណ៍បញ្ជាក់ថា នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកស្ទឹងហាវ ដឹកនាំដោយលោកអនុសេនីយ៍ឯក ថៃ គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានស្រុកស្ទឹងហាវ ឆ្មក់ចុះអនុវត្តដីកាបង្កប់ឲ្យចាប់ខ្លួនលេខ៣៨ ត.ព/១៧ ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ ដែលចុះហត្ថលេខាដោយលោក ប្លុង វិសាល ចៅក្រមស៊ីបសួរសាលាដំបូងខេត្តព្រះសីហនុ ។

ដីកានោះបានបង្កប់ឲ្យសមត្ថកិច្ចតាមរកចាប់ខ្លួនជនសង្ស័យឈ្មោះ ង៉ែត ខែម ហៅ ចាន់ អាយុ៦២ឆ្នាំ មានទីលំនៅភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ពីបទប្រើប្រាស់ លក់ ចែកចាយគ្រឿងញៀន ជាមុខសញ្ញាចាស់ ដែលបានប្រព្រឹត្តនៅទីលំនៅខាងលើនាពេលកន្លងមក ។

ក្រោយចាប់ខ្លួន ជនសង្ស័យត្រូវបាននាំខ្លួនទៅសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីកសាងសំណុំរឿងបន្ថែមរួចបញ្ជូនខ្លួនទៅសាលាដំបូងចាត់ការទៅតាមនីតិវិធី ៕ ឆ្លាម សមុទ្រ


ចែករំលែក៖