ភ្នំពេញ: មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយម៉ូតូបុកម៉ូតូ បណ្តាលឲ្យភាគីទាំងពីររងរបួសធ្ងន់ទាំងសងខាងត្រូវបានសមត្ថកិច្ចមូលដ្ឋានហៅរថយន្តសាមុយដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ
ឧប្បត្តិហេតុនេះកើតឡើងកាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី១១ ខែមេសា ឆ្នាំ ២០១៧ នៅចំណុចម្តុំវិទ្យាល័យឥន្រ្ទទេវី ផ្លូវ៥៩២ សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មានបុរសមិនស្គាល់ឈ្មោះម្នាក់បើកម៉ូតូម៉ាកស៊ុយហ្ស៊ុយគី Step ពាក់ស្លាកលេខ កណ្តាល 1F 4519 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥៩២ពីកើតទៅលិច ហើយពេលបើកមកដល់ចំណុចកើតហេតុជិះជែករថយន្តមួយគ្រឿងពីមុខក៏ជ្រុលទៅប៉ះជាមួយម៉ូតូ SL ពាក់ស្លាកលេខ ភ្នំពេញ 1BW 7038 បើកបរដោយបុរសមិនស្គាល់ឈ្មោះដូចគ្នា ដួលរងគ្រោះរបួសធ្ងន់ទាំងសងខាងតែម្តង ។
បច្ចុប្បន្នជនរងគ្រោះរបួសធ្ងន់ទាំងពីរនាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល ចំណែកម៉ូតូទាំងពីរគ្រឿងដែលរងការខូចខាតដូចគ្នានោះត្រូវបានសមត្ថកិច្ចមូលដ្ឋាន យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់២រង់ចាំការដោះស្រាយនៅពេលក្រោយ ៕ ប្រាថ្នា