ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ជាអ្នកទទួលផ្ញើម៉ូតូមុខផ្សាររាត្រីស្រែកយំថា រូបគាត់បង់លុយជិត១០ម៉ឺនដុល្លារដល់សន្តិសុខសាលាខណ្ឌដូនពេញហើយ នៅតែកម្លាំងចុះចាប់កន្លែងផ្ញើម៉ូតូគាត់ជាច្រើនគ្រឿងទៀត

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីម្នាក់បានស្រែកទ្រហ៊ោយំទាំងយប់បង្កឲ្យមានការភ្ញាក់ផ្អើល បន្ទាប់ពីកម្លាំងសន្តិសុខសាលាខណ្ឌដូនពេញ ចុះទៅដកហូតម៉ូតូចំនួន៩គ្រឿងនៅកន្លែងទទួលផ្ញើរបស់គាត់ ដែលនៅខាងមុខផ្សាររាត្រី យកទៅរក្សាទុកនៅសាលាខណ្ឌដូនពេញ ដើម្បីអប់រំមិនឲ្យដាក់ផ្ញើនៅលើផ្លូវសាធារណៈ(ផ្លូវ ព្រះស៊ីសុវត្ថិ ) ព្រោះបង្កឲ្យមានការកក់ស្ទះចរាចរណ៍ផងដែរ ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ២១ និង៤៥នាទី ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវ ព្រះស៊ីសុវត្ថិ ចំណុចខាងមុខផ្សារ រាត្រី សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ក្នុងហេតុការណ៍នោះដែរ ស្រ្តីរងគ្រោះបានស្រែកទ្រហ៊ោយំរៀបរាប់នៅមុខប្រជាពលរដ្ឋថា រូបគាត់បានបង់លុយចំនួន៨ម៉ឺនប្រាំពាន់ដុល្លារអាមេរិក ជូនមន្រ្តីសន្តិសុខសាលាខណ្ឌដូនពេញ ម្នាក់ឈ្មោះ អ៊ុន ណូផា ព្រនាម ៧៩ ដោយធ្វើកិច្ចសន្យាជាមួយគ្នាត្រឹមត្រូវ ប៉ុន្តែរូបគាត់ទើបតែរកស៊ីបានរយះពេល២ឆ្នាំតែប៉ុណ្ណោះ ស្រាប់តែនៅយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ ក៏ត្រូវកម្លាំងសន្តិសុខរបស់សាលាខណ្ឌដូនពេញចុះចាប់ម៉ូតូរបស់គាត់ជាច្រើនគ្រឿង រួចបញ្ចូនទៅសាលាខណ្ឌតែម្តង ។

បន្ទាប់ពីមានភាពភ្ញាក់ផ្អើលកើតឡើងនោះ លោក គឹម វុន្ថា ប្រធានសណ្ដាប់ធ្នាប់សាលាខណ្ឌដូនពេញ បានចុះទៅដល់កន្លែងកើតហេតុ បានឲ្យដឹងថា ទីតាំងដែលអាចទទួលផ្ញើម៉ូតូបាននោះ គឺអនុញាតឲ្យតែនៅផ្លូវលេខ១៣តែប៉ុណ្ណោះ ពោលគឺនៅខាងក្រោយផ្សាររាត្រីតែម្ដង ដោយឡែកនៅលើផ្លូវព្រះស៊ីសុវត្ថិ គឺមិនអនុញាតឲ្យមានការទទួលផ្ញើម៉ូតូនោះឡើយ ។ ចំណែកឯនៅលើផ្លូវលេខ១០៨ និងផ្លូវលេខ១០៦នោះ សាលារាជធានីភ្នំពេញបានគូសគំនូសឲ្យតែរថយន្ដឈប់ គឺមិនអនុញ្ញាតឲ្យមានកន្លែងទទួលផ្ញើម៉ូតូនោះទេ ។

លោក គឹម វុន្ថា បានបន្តទៀតថា ចំពោះករណីដែលស្រ្តីទទួលផ្ញើម៉ូតូដែលស្រែកទ្រហ៊ោយំនោះ ហើយនិយាយថារូបគាត់បានបង់ប្រាក់អស់ចំនួន៨ម៉ឺនប្រាំពាន់ដុល្លារឲ្យទៅខាងសន្តិសុខសាលាខណ្ឌនោះ គឺជារឿងរបស់បុគ្គលនោះទេ គឺខាងសាលាខណ្ឌពុំបានដឹងរឿងនោះទេ ។ រីឯម៉ូតូចំនួន៩គ្រឿងដែលកម្លាំងសណ្ដាប់ធ្លាប់ចាប់ដឹកយកមកសាលាខណ្ឌនោះ គឺសាលាខណ្ឌបានណែនាំដល់ម្ចាស់ទីតាំងឲ្យយល់រួចក៏បានប្រគល់ម៉ូតូឲ្យទៅម្ចាស់ដើមវិញដែរ ។

លោក គឹម វុន្ថា បានបញ្ជាក់ទៀតថា ពាក់ព័ន្ធករណីមន្រ្តីសន្តិសុខសាលាខណ្ឌដូនពេញ ម្នាក់ឈ្មោះ អ៊ុន ណូផា ព្រនាម ៧៩ បានដើរយកទួលនាទីរបស់ខ្លួនទៅធានានិងកាងឲ្យអាជីវករដែលចង់រកស៊ីដាក់កន្លែងចំណតផ្ញើម៉ូតូតាមចិញ្ចើមផ្លូវ លោកនិងរាយការណ៍ទៅលោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ដើម្បីហៅមន្រ្តីរូបនោះមកសាកសួរឲ្យដឹងច្បាស់ ហើយបើសិនជាមន្រ្តីរូបនោះពិតជាបានធ្វើមែននោះ និងប្រឈរមុខតាមផ្លូវច្បាប់ផងដែរ ។

ដោយឡែកពាក់ព័ន្ធនិងករណីនេះដែល កាសែតនគរវត្ត មិនអាចសុំការបំភ្លឺពីលោក អ៊ុន ណូផា បាននោះទេ ៕ស តារា


ចែករំលែក៖