ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋបានរាយការណ៍មកថា នៅវេលាម៉ោង៤និង៥០នាទីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ នេះ ឈ្មួញឈើឈ្មោះណុប ឌី បានប្រើកម្មកររបស់ខ្លួនដើម្បីធ្វើសកម្មភាពស្ទូចឈើប្រភេទរាជកុល(ម្រិញ) ដាក់លើរថយន្តកែច្នៃចំណុះ៥តោន នៅចំណុចភូមិដំបងវិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ឈើទាំងនេះគឺដើរស្ទូចប្រមូលពីផ្ទះប្រជាពលរដ្ឋដែលពួកគេបានយកទៅលាក់ទុក ដើម្បីដឹកជញ្ជូនទៅកាន់ប្រទេសវៀតណាមតាមច្រកបាក់ដៃ ខេត្តតាកែវ នាយប់នេះផងដែរ។
បច្ចុប្បន្ននេះឈ្មួញណុបឌី មិនទាន់ប្រមូលអស់នៅឡើយទេ ហើយក៏មិនមានវត្តមានសមត្ថកិច្ចអាជ្ញាធរក៏ដូចជាខាងជំនាញ មកចាត់វិធានការទប់ស្កាត់បង្ក្រាបប្រមូលឈើទាំងនេះ ដែលគេសង្ស័យថា សកម្មភាពប្រមូលឈើ ដឹកជញ្ជូនឈើ និងឆ្លងទៅប្រទេសវៀតណាមនេះជាអំពើឃុបឃិតគ្នា រវាងឈ្មួញនិងសមត្ថកិច្ច។
គួររំលឹកថា ឈ្មួញណុប ឌី កន្លងទៅក៏ត្រូវបានខាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបង្ក្រាបចាប់ឈើរបស់ខ្លួនក្នុងបទល្មើសដឹកជញ្ជូនជាក់ស្តែង ប៉ុន្តែជនរូបនេះនៅតែបន្តធ្វើសកម្មភាពដដែល ដូច្នេះគួរតែសមត្ថកិច្ចពាក់ព័ន្ធមានវិធានការបង្ក្រាបឲ្យបានទាន់ពេលវេលា ខណៈលេចឮមកថា សកម្មភាពបទល្មើសដឹកជញ្ជូនឈើរបស់ណុប ឌី គឺមានភ្លើងខៀវយ៉ាងពិតប្រាកដពីការបើកដៃដោយនាយកដែនជំរកសត្វភ្នំឱរ៉ាល់វបានជាប់ពាក់ព័ន្ធផងដែរ។ ប៉ុន្តែ មិនអាចសុំការបំភ្លឺពីនាយកដែនជំរកសត្វភ្នំឱរ៉ាល់បាននៅឡើយទេនៅរសៀលថ្ងៃដដែលនេះ។
ដោយឡែកលោកអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺបានប្រាប់តាមទូរស័ព្ទថា លោកនឹងរៀបចំសមត្ថកិច្ចមន្ត្រីជំនាញ ដើម្បីត្រៀមធ្វើការបង្ក្រាបបទល្មើសនេះ៕ សេនា ស័ក្តិ