ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋសង្កាត់អូរចារត្អូញត្អែរពីបញ្ហាសំរាមនៅក្នុងបរិវេណផ្សារទំនើបភូពុយ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋបានរិះគន់ចំពោះម្ចាស់ទីតាំងចំណតរថយន្តទេសចរណ៍ដឹកអ្នកដំណើរខេត្តបាត់ដំបង ថាបណ្តែត បណ្តោយឲ្យមានការចាក់ចោលសំរាម យ៉ាងអនាធិបតេយ្យពាសវាលពាសកាល បង្កឲ្យប៉ះពាល់បរិស្ថានជះក្លិនស្អុយដល់ ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋបានលើកឡើងថា សំរាមដែលត្រូវបានគេចាក់ចោលយ៉ាងអនាធិបតេយ្យនោះគឺស្ថិតនៅក្នុងបរិវេណផ្សារទំនើបភូពុយ នៅក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង។ ការបោះចោលសំរាមយ៉ាងអនាធិបតេយ្យពាសវាលពាសកាលគ្មានសណ្តាប់ធ្នាប់នៅក្នុងចំណតរថយន្តទេសចរណ៍ដឹកអ្នកដំណើរខាងលើនេះបាន កើតឡើងរាប់ខែរាប់ឆ្នាំមកហើយដោយ សារតែម្ចាស់ទីតាំងខាងលើមិនអើពើក្នុងការរៀបចំដាក់ធុង និងទីកន្លែងដាក់សំរាម ឲ្យបានត្រឹមត្រូវដែលធ្វើឲ្យប៉ះពាល់យ៉ាង ខ្លាំងទៅដល់បរិស្ថានពិសេសក្លិនស្អុយប៉ះពាល់សុខភាពប្រជាពលរដ្ឋភ្ញៀវជាតិនិង អន្តរជាតិ ដែលធ្វើដំណើរមកទិញសំបុត្រឡើងជិះរថយន្តនៅទីនោះទៀតផង ។

លោកឧកញ៉ា ភូ ពុយ ជាម្ចាស់ផ្សារ ភូពុយ និងជាម្ចាស់ភាគហ៊ុនចំណតរថយន្តទេសចរណ៍ដឹកអ្នកដំណើរ ខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងថា រឿងចំណតរថយន្ត លោក ឡាញ់ នី គាត់ជាអ្នកគ្រប់គ្រងទូរស័ព្ទ សួរទៅគាត់ទៅទើបដឹង ។

ចំណែកលោក ឡាញ់ នី ដែលជាម្ចាស់​ភាគហ៊ុនចំណតរថយន្តទេសចរណ៍ដឹកអ្នកដំណើរខេត្តបាត់ដំបង អ្នកយកព័ត៌មាននគរវត្តមិនអាចសុំការបកស្រាយបំភ្លឺអ្វីបានទេ ដោយសារពេលលោកលើកទូរស័ព្ទដឹងថាជាអ្នកសារព័ត៌មានលោកធ្វើជាស្តាប់មិនបានឆ្លើយតបនិងបិទហើយឈប់លើក ទូរស័ព្ទ ៕ សហការី


ចែករំលែក៖