ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋមកចោមរោមមើលដោយប្រទះឃើញសាកសពស្ត្រីម្នាក់ដេកស្លាប់ទាំងអាក្រាតកាយនៅក្នុងទឹកប្រឡាយមួយជាប់ថ្នល់តាព្រឹម ស្ថិតក្នុងសង្កាត់បាទី ក្រុង បាវិត ខេត្តស្វាយរៀងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧។
បើតាមលោកវរសេនីយ៍ទោ កែវ សុថា នាយការិល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា ពិតជាមានករណីនេះមែន ប៉ុន្តែសមត្ថកិច្ចពុំទាន់ស្គាល់អត្តសញ្ញាណសពនោះទេ។
ប្រភពខាងលើបានបន្តទៀតថា ក្រោយពីទទួលបានព័ត៌មានថា ប្រទះឃើញសាសពស្ត្រីម្នាក់ដេកស្លាប់ក្នុងទឹកប្រឡាយត្រង់ចំណុចកើតហេតុខាងលើនោះសមត្ថកិច្ចជំនាញបានរួមនិងគ្រូពេទ្យពិនិត្យសាកសពបានចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យកោសល្យវិច័យ។
ចំពោះសាកសពមានអាយុប្រហែល ១៩ ទៅ ២០ ឆ្នាំ បានដេកស្លាប់នៅក្នុងទឹកប្រឡាយ ចំងាយពីផ្លូវជាតិលេខ១ ទៅទិសខាងត្បូងប្រហែល១០០០ម៉ែត្រ ទាំងអាក្រាត ខោឃោប៑យជើងត្រឹមជង្គង់ និង ខោលីអូ នៅលើភ្លឺប្រឡាយ ខាងត្បូងសាកសព ។
បើតាមនគរបាលជំនាញថា ពេលលើកសាកសពមកលើគោក ពិនិត្យឃើញ សាកសពមានសភាពឡើងហើមមានក្លិនស្អុយចូលមិនចង់ចុះ និង របកស្បែកមើលមិនស្គាល់ ជ្រុះសក់មួយចំនួន សន្និដ្ឋាន ស្លាប់ រយៈពេលពី ៣ ទៅ៤ថ្ងៃហើយ ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងដុតដៃដុតជើងស្រាវជ្រាវរកអត្តសញ្ញាណសពនិងរកមូលហេតុនៃការស្លាប់នេះថា ជាករណីឃាតកម្មឬជាករណីអ្វីផ្សេងទៀត៕ យឹម សុថាន