ព័ត៌មានទាន់ហេតុការណ៍៖

ទៅបូមទឹកដាក់ពាងធា្លក់ម៉ូទ័រចូលត្រពាំងចុះទៅរាវភ្លេចដកភ្លើងឆក់ស្លាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់នៅព្រឹកព្រហាមក្រោកពីដេកឃើញទឹកនៅក្នុងពាងអស់ក៏ទាញយកម៉ូទ័រទៅបូមទឹក តែចៃដន្យពេលដែលចងម៉ូទ័រស្រាប់តែដាច់ខ្សែធ្លាក់ចូលក្នុងត្រពាំងក៏ចុះទៅរាវដោយភ្លេចដកចរន្តភ្លើងបណ្តាលឲ្យឆក់ស្លាប់មួយរំពេច។

ករណីនេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៦និង៥០នាទីព្រឹកថ្ងៃទី២៤ ខែ មេសា ឆ្នាំ២០១៧ នៅភូមិស្រែត្រោក ឃុំ សែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

បើតាមអ្នកភូមិឲ្យដឹងថា ជនរងគ្រោះ ឈ្មោះយាប់ កុំ អាយុ៤៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិ-ឃុំកើតហេតុ។

បើតាមប្រភពពីក្រុមគ្រួសារជនរង គ្រោះឲ្យដឹងថា មុខពេលកើតហេតុជនរងគ្រោះក្រោកពីដេកមុនគេអាចទំនងជាទៅបើកមើលពាងអស់ទឹកប្រើក៏បានលីម៉ូទ័រទៅបូមទឹកត្រពាំងនៅក្រោយផ្ទះ ពេលដែលរៀបចំចងម៉ូទ័ររួចក៏ត្រឡប់មកផ្ទះដើម្បីដោតភ្លើងហើយក៏ត្រឡប់ទៅពិនិត្យមើលម៉ូតូវិញ។ ពេលនោះម៉ូទ័រប្រហែលជាចងមិនស្រួលជនរងគ្រោះក៏ចុះទៅស៊ីរេបណ្តាល ឲ្យដាច់ខ្សែធ្លាក់ចូលទៅក្នុងត្រពាំង ហើយជនរងគ្រោះក៏ចុះទៅរាវដោយភ្លេចមកដកភ្លើងបណ្តាលឲ្យឆក់ឆ្លាប់តែម្តង។

ក្រុមគ្រួសារបានបន្តថា ដោយបាត់ជន រងគ្រោះយូរមិនត្រឡប់មកផ្ទះមានការ សង្ស័យក៏ដើរទៅមើលស្រាប់តែឃើញជនរងគ្រោះត្រូវចរន្តភ្លើងជាប់និងម៉ូទ័រឆក់ស្លាប់នៅមាត់ត្រពាំងបាត់ទៅហើយ ហើយភ្លាមៗនោះក៏រត់ទៅដកខ្សែភ្លើងក្នុងបំណងជួយ ជនរងគ្រោះប៉ុន្តែវាជាការយឺតពេលទៅហើយ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះពិនិត្យសាកសពឃើញថាជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ចរន្តអគ្គិសនីព្រោះមានស្នាមឆេះខ្លោចនៅនឹងបាតដៃ៕ សេនាស័ក្តិ


ចែករំលែក៖