ក្នុងនាមប្រជាពលរដ្ឋម្នាក់ ខ្ញុំបាទបានប្រទះភ្នែកឃើញមានការរៀបចំពិធីជប់លៀងអាហារពេលល្ងាចរបស់ក្រុមភ្ញៀវទេសចរណ៍នៅបរិវេណប្រាសាទក្រវ៉ាន់កាលពីពេលថ្មីៗនេះ ។ ប្រការនេះ ខ្ញុំគិតថា អាជ្ញាធរអប្សរាមិនគួរអនុញ្ញាតឲ្យមានពិធីជប់លៀងនៅក្នុងបរិវេណប្រាសាទនោះឡើយ ។
មិនមែនតែខ្ញុំបាទនោះទេ ប៉ុន្តែប្រជាពលរដ្ឋកម្ពុជាដទៃទៀត ក៏យល់ថាមិនសមរម្យដែរ សម្រាប់ការយកទីតាំងតំបន់ប្រាសាទធ្វើជាកន្លែងជប់លៀងផឹកស៊ីយ៉ាងដូច្នេះនោះ ។ ជាក់ស្តែងការយកទីតាំងប្រាសាទក្រវ៉ាន់ ស្ថិតនៅក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ធ្វើជាកន្លែងជប់លៀងកាលពីពេលថ្មីៗនេះ ត្រូវគេចាត់ទុកថា ជាការបើកដៃរបស់អាជ្ញាធរអប្សរា ដែលបណ្តែតបណ្តោយឲ្យមានបញ្ហាបែបនេះកើតឡើង ។
ខ្ញុំបាទយល់ថា មិនគួរយកទីតាំងប្រាសាទបុរាណធ្វើជាកន្លែងជប់លៀងអាហារពេលល្ងាចនោះទេ ផ្ទុយទៅវិញ គេអាចរកទីតាំងណាឆ្ងាយដើម្បីចៀសវាងការប៉ះពាល់ដល់ថ្ម រួមទាំងការបន្ទោបង់នៅពេលស៊ីផឹកនោះផង ។ ខ្ញុំមិនដឹងថា តើការគិតរបស់ខ្ញុំត្រឹមត្រូវឬយ៉ាងណានោះទេ ។ ឬមួយអាជ្ញាធរយល់ថា ការអនុញ្ញាតឲ្យមានពិធីជប់លៀងនៅតំបន់ប្រាសាទយ៉ាងដូច្នេះមិនមានបញ្ហាអ្វីទេ? បើគ្មានបញ្ហាទេ គួរតែបន្តអនុញ្ញាតឲ្យមានពិធីជប់លៀងផឹកស៊ីរាំរែកនៅតំបន់ប្រាសាទដទៃទៀតចុះ! ៕ ប្រជាពលរដ្ឋម្នាក់