ភ្នំពេញ៖ តារាចម្រៀង សុខ ស្រីនាង ដែលស្ងាត់បាត់ទីផ្សារមួយរយៈ ពេលនេះ ត្រូវបានគេទម្លាយថា នាងបានបញ្ចប់កិច្ចសន្យាជាមួយផលិតកម្មសាន់ដេហើយ ៗក៏កំពុងត្រៀមខ្លួនចូលជ្រកក្រោមដំបូលផលិតកម្មហង្សមាសផងដែរ ។
អ្នកមេម៉ាយចាយរាង សុខ ស្រីនាង បានធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ជាថ្មី ក្រោយពីនាងបែកប្តី ហើយរត់ចូលច្រៀងក្នុងផលិតកម្មសាន់ដេ។ ចូលក្នុងផលិតកម្មថ្មី នាងមានឱកាសច្រើនបង្គួរដើម្បីស្តារមុខមាត់ជាថ្មី ទាំងការច្រៀង និងសម្តែងភាពយន្ត ។ ក្រោយជ្រកក្រោមដំបូលផលិតកម្មនេះបាន៥ឆ្នាំ តារាស្រីរូបនេះ ធ្លាប់បានគេទម្លាយថា រត់ទៅចូលច្រៀងឲ្យផលិតកម្ម RGB ប៉ុន្តែត្រូវបានស្ងប់ស្ងាត់ទៅវិញ ។ ប៉ុន្តែប្រភពច្បាស់ការមួយបានលើកឡើងថា ពេលនេះសុខ ស្រីនាង បានចុះកិច្ចសន្យាជាផ្លូវការហើយ ជាមួយផលិតកម្មហង្សមាស ។
ប្រភបបន្តថា ក្រោយពិចារណាជាច្រើនខែ សុខ ស្រីនាង បានសម្រេចចិត្តចុះកុងត្រាជាផ្លូវការជាមួយហង្សមាស ហើយនាងអាចនឹងមានបទចម្រៀងចេញនៅពេលដ៏ខ្លីខាងមុខនេះ ។ មានការលើកឡើងដែរថា សុខ ស្រីនាង អាចនឹងទម្លាយភាពទាល់ច្រក ពោលគឺអាចនឹងស្តារប្រជាប្រិយភាពនាងឡើងវិញ ក្រោយផ្អាកការងារសិល្បៈជាច្រើនខែ ហើយផលិតកម្ម ក៏មានគោលការណ៍លើកមុខមាត់តារាចម្រៀងចំណូលថ្មីរូបនេះផងដែរ ។
ទំនាក់ទំនងស្វែងរកការបញ្ជាក់ពីតារាស្រីរូបនេះ នៅមិនទាន់បានសម្រេចនៅឡើយទេ ។
ទោះជាយ៉ាងណា អ្នកស្និទ្ធិនឹងនាងលើកឡើងថា ផលិតកម្មហង្សមាសស្វាគមន៍វត្តមានសុខ ស្រីនាង ជាមួយនឹងបទចម្រៀងជាច្រើនបទ ហើយបទដែលបើកឆាកក្នុងផលិតកម្មថ្មីនេះ គឺនាងចាប់ដៃគូជាមួយតារាចម្រៀងប្រុសសង្ហារ លោក នៅ ស៊ីនឿន ដែលគេរំពឹងថា នឹងទទួលបានការចាប់អារម្មណ៍ជាថ្មីចំពោះរូបនាង។
ក្រៅពីតារាប្រុសរូបនេះ នាងក៏មានបទចម្រៀងច្រៀង ទោល និងចាប់ដៃគូជាមួយតារាចម្រៀងដទៃទៀត ដែលបទចំរៀងភាគច្រើនជា មនោសញ្ចេតនា គឺត្រូវទៅនឹងទឹកដមសំនៀង និងភាពអំណោយទាននៃរូបសម្រស់បែបស្រគត់ស្រគំរបស់នាង ។
តារាចម្រៀង នៅ ស៊ីនឿន ទទួលស្គាល់សុខ ស្រីនាង ថា ពិតជាមានវត្តមានក្នុងផលិតកម្មហង្សមាស និងចាប់ដៃគូច្រៀងជាមួយលោក ។ ទោះជាយ៉ាងណា លោកនៅមិនទាន់អាចបញ្ជាក់បានលម្អិតអំពីការងារបាននៅឡើយទេ ព្រោះជាគោកការណ៍របស់ផលិតកម្ម។ ប៉ុន្តែលោកបានបង្ហាញពីអារម្មណ៍រីករាយ ដែលបានចាប់ដៃគូលើកដំបូងជាមួយ នាង ហើយលោករំពឹងថា នឹងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងមកលើស្នាដៃថ្មីច្រៀងរួមរវាងលោក និង សុខស្រីនាង ។
គួរបញ្ជាក់ដែរថា សុខ ស្រីនាង ដែលធ្លាប់លេចមុខមាត់ខ្លាំងលើទ្រនុំផលិតកម្ម ខេអេច(KH) រួមគ្នាជាមួយ សុខ ពិសី សូណូ និងអតីតស្វាមីលោក ស៊ី សុវត្ថិ ។ នាងបានលេចមុខក្នុងផលិតកម្មសាន់ដេ ក្រោយលែងលះជាមួយស្វាមីមិនមានចំណងដៃកូនម្នាក់នោះទេ ៕ វឌ្ឍនា