ខេត្តពោធិ៍សាត់៖ យ៉ាងហោចផ្ទះសម្បែងប្រជាជនចំនួន ១០ខ្នង ត្រូវបានខ្យល់កន្រ្តាក់បោកបក់របើកដំបូល និងដួលរលំអស់ទាំងស្រុង នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
ហេតុការណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង០០ និង២១នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិកណ្ដាល ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ម្ចាស់លំនៅឋានរងគ្រោះទី១ ឈ្មោះ កង មាន ភេទប្រុស អាយុ៥៥ឆ្នាំ សញ្ជាតិខ្មែរ របើកដំបូលផ្ទះប្រក់គ្បឿង និងសំយាបខាងមុខ ទី២ ឈ្មោះ ឡុង សំណាង ភេទប្រុស អាយុ ២៣ឆ្នាំ សញ្ជាតិខ្មែរ ដួលរលំផ្ទះទាំងស្រុងទំហំ៥ម៉ែត្រ គុណនឹង៦ម៉ែត្រ ទី៣ ឈ្មោះ ផុន បុល ភេទប្រុស អាយុ ២៨ឆាំ្ន សញ្ជាតិខ្មែរ របើកដំបូលផ្ទះប្រក់គ្បឿង និងដួលរលំផ្ទះបាយទំហំ៥ម៉ែត្រ គុណនឹង៦ម៉ែត្រទាំងស្រុង ទី៤ ឈ្មោះ ជឿន ប្រុស ភេទប្រុស អាយុ ៦៨ឆ្នាំ សញ្ជាតិខ្មែរ របើកដំបូលផ្ទះប្រក់ស័ង្កសី ទី៥ ឈ្មោះ មីន ញ៉ ភេទស្រី អាយុ ៤៥ឆ្នាំ សញ្ជាតិខ្មែរ របើកដំបូលផ្ទះប្រក់ស័ង្កសី ទី៦ ឈ្មោះ សួង សុង ភេទប្រុស អាយុ ៥៨ឆ្នាំ សញ្ជាតិខ្មែរ របើកដំបូលផ្ទះប្រក់សុីប្រូសុីម៉ង់ ទី៧ ឈ្មោះ សួង គា ភេទប្រុស អាយុ ២៥ឆ្នាំ សញ្ជាតិខ្មែរ របើកដំបូលផ្ទះប្រក់ស័ង្កសី និងផ្ទះបាយផងដែរ ទី៨ ឈ្មោះ ព្រំ ផន ភេទប្រុស អាយុ ៥៨ឆ្នាំ សញ្ជាតិខ្មែរ របើកដំបូលផ្ទះប្រក់ស័ង្ងសីអស់ទាំងស្រុក និងទី៩ ឈ្មោះ សុខ រិន ភេទប្រុស អាយុ ៥៣ឆ្នាំ សញ្ជាតិខ្មែរ របើកដំបូលផ្ទះប្រក់ស័ង្កសីអស់ទាំងស្រុង។
ប្រភពខាងលើបន្តថា ខ្យល់ព្យុះកន្រ្តាក់បោកបក់របើកដំបូលផ្ទះ និងដួលរលំ លំនៅឋានរបស់ប្រជាជនអស់ចំនួន១០ខ្នង មានចំនួន ០៩ម្ចាស់ខាងលើ ក៏មានការខូចខាតសម្ភារអស់មួយចំនួនផងដែរ ប៉ុន្តែទោសយ៉ាងណាក្តី ក៏ពុំបង្កការរងរបួសដល់ពលរដ្ឋ និងផ្សេងៗនោះទេ។
ប្រភពដដែលបន្តទៀតថា បញ្ហាខាងលើអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន បានចុះស្រង់កំណត់ហេតុរួចរាល់អស់ហើយ រួមទាំងរាយការណ៍ជូនថ្នាក់លើតាមលំដាប់ថ្នាក់ផងដែរ ព្រមទាំងបានផ្ដល់ព័ត៌មានខ្លះៗពាក់ព័ន្ធគ្រោះធម្មជាតិ ដើម្បីឲ្យចេះរៀបចំខ្លួនឬផ្សេងៗ ខណៈដើមឆ្នាំនេះ ហាក់បីដូចជាមានសភាពកាច់សាហាលើសឆ្នាំមុនៗ ឃើញថា ភ្លៀងកក់ខែប៉ុន្មានមេនេះ បង្កបញ្ហាគួរឲ្យភ័យខ្លាច ដូច្នេះហើយទើបយើងចេះមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈការពារមានហេតុការណ៍កើតឡើងជាយថាហេតុ ប្រសើរជាងយើងមិនបានត្រៀមមុនអ្វីសោះនោះ៕ ប៉ឹម ពិន