ភ្នំពេញ៖ យុវជនប្រុស ស្រី៣នាក់ ជិះម៉ូតូចេញពីក្លឹបគេចពីជនសង្ស័យ១ក្រុមមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿងដេញវាយបណ្ដាលឲ្យរេចង្កូតជ្រុលទៅបុករទេះមីឆា និងគ្រែលក់ផ្លែឈើរងរបួសធ្ងន់២នាក់ និងស្រាលម្នាក់។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវវេងស្រេង ក្បែរនិងខេរាអូខេអាត់ជួង ត្រង់ចំណុចលូប្រាំ ស្ថិតក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគេមានគ្នា៣នាក់ (ប្រុស១និងស្រី២) បានចេញមកពីរាំលេងនៅក្លឹបកំសាន្តស្ពៃឌឺ នៅតាមបណ្ដោយផ្លូវវេងស្រេង ដោយជិះម៉ូតូម៉ាកឌ្រីម សង់សេ១២៥ ពណ៌ខ្មៅ ឆ្នាំ២០១១ ពាក់ស្លាកលេខ ភ្នំពេញ 1AZ.9594 ដោយជិះឌុបគ្នាតាមបណ្ដោយផ្លូវវេងស្រេង គោលបំណងត្រឡប់ទៅផ្ទះវិញ ខណៈមកជិះដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមជិះម៉ូតូ២គ្រឿង មិនចាំម៉ាកមានគ្នា៤នាក់ មកពីក្រោយហើយយកខ្សែក្រវាត់មកវាយពួកគេដោយសង្ស័យថា ដេញតាមវាយយកកាបូបលុយធ្វើឲ្យភ័យស្លន់ស្លោ ហើយបានបន្ថែមល្បឿងយ៉ាងលឿន លុះមកដល់កន្លែងកើតហេតុបានរេចង្កូតជ្រុលទៅបុកនឹងរទេះមីឆា និងគ្រែលក់ផ្លែឈើបណ្ដាលដួលម៉ូតូរងរបួសធ្ងន់បាក់ឆ្អឹងកជើងខាងឆ្វេង រងរបួសធ្ងន់ ស្រាល ត្រូវបានរថយន្តសាមុយដឹកយកទៅព្យាបាលនៅគ្លីនិចឯកជនសួគ៌ា ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងទំនាក់ទំនងទៅសមត្ថកិច្ចមកយកម៉ូតូទៅរក្សាទុកនៅអធិការខណ្ឌមានជ័យរង់ចាំដោះស្រាយនៅពេលក្រោយ ៕ ភារ៉ា ដង្កោ