ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមស្ទាវ២ក្រុមដេញកាប់គ្នា ផ្អើលពេញស្រុកបន្ទាយស្រី រហូតមានអ្នកស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

ចែករំលែក៖

ខេត្តសៀមរាប៖ ក្រុមក្មេងស្ទាវ២ក្រុម បានជិះម៉ូតូ ដេញកាប់គ្នា ផ្អើល សមត្ថកិច្ច និង ប្រជា​ពលរដ្ឋ ស្រុកបន្ទាយស្រី ទាំងយប់ ក្រុមម្ខាងមានគ្នា១៥នាក់ និងម្ខាងទៀតមានគ្នា ៦នាក់ អ្នក​ឈ្នះរត់បាត់ អ្នកចាញ់ត្រូវរបួសធ្ងន់ម្នាក់ រួចបញ្ជូនទៅពេទ្យដល់ពាក់កណ្តាលផ្លូវ ក៏ស្លាប់។

ហេតុការណ៍ដេញកាប់គ្នាផ្អើលពេញស្រុកបន្ទាយស្រីនោះបានកើតឡើង កាលពីវេលា​ម៉ោង​២៣និង៤០នាទី ថ្ងៃ ទី២៤ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវលេខ​៦៧ ក្នុងភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

តាមប្រភពពីកម្លាំងកងរាជអាវុធហត្ថខេត្ត បានប្រាប់នៅព្រឹក​ថ្ងៃទី២៦ ខែ​មេសា ឆ្នាំ២០១៧ថា មានករណីឃាតកម្មបង្កឡើងដោយជនល្មើសមិនស្គាល់អត្តសញ្ញាណមានគ្នាប្រហែល១៥នាក់ បានជិះម៉ូតូយកដាវ​សាំម៉ូរៃ ដេញកាប់ ទៅលើជនរងគ្រោះមានគ្នា ៦ នាក់ជិះម៉ូតូ៣គ្រឿង​ យ៉ាងអនាធិបតេយ្យ​ពេញបណ្តោយផ្លូវលេខ៦៧ ស្ថិតនៅ​ក្នុង​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ។

ជនរងគ្រោះបាត់បង់ជីវិត ឈ្មោះ ហៃ ស៊ីណេត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរទាហានកងពលធំលេខ២ ស្នាក់នៅក្នុងបន្ទាយ។

បច្ចុប្បន្ន សាកសព ជនរងគ្រោះត្រូវបាន សមត្ថកិច្ចជំនាញ ប្រគល់ ឱ្យ ក្រុមគ្រួសារ​ មកទទួលយកទៅធ្វើបុណ្យ។ ចំណែក ជនដៃដល់ ទាំង១៥នាក់ត្រូវបានកម្លាំង​កងរាជអាវុធហត្ថស្រុក សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក បន្ទាយស្រី ចុះស្រាវជ្រាវ ដើម្បីស្វែងរកជនសង្ស័យ ចាប់យកមកផ្តន្ទា​ទោសទៅតាមផ្លូវច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖