ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីអាយុ១៣ឆ្នាំចង.កស្លាប់លើផ្ទះជីដូនក្រោយអ្នកភូមិម្នាក់ចោទថានាងលួចលុយ១០មុឺនរៀលដោយគ្មានភ័ស្តុតាង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ក្មេងស្រីវ័យ១៣ឆ្នាំម្នាក់បានគិតខ្លីចង.កសម្លាប់ខ្លួននៅលើផ្ទះជីដូនបង្កការភ្ញាក់ផ្អើលកាលពីិព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ នៅភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

តាមអ្នកស្រុកឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ ទឹម សុនិតា អាយុ១៣ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ។ ចំណែកមន្រ្តីជំនាញបានបញ្ជាក់ថា ក្មេងស្រីរងគ្រោះបានយកខ្សែអង្រឹងចង.កជាប់ទៅនឹងធ្នឹមផ្ទះ ដោយយកកៅអីជ័រជាន់ឡើង រួចលោតទម្លាក់ពីកៅអី។

បើតាមប្រភពនៅកន្លែងកើតហេតុគេបានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះបាននាំប្អូនជិះកង់លេងនៅក្នុងភូមិ ហើយក៏ជិះទៅផ្ទះជីដូនឈ្មោះ សួង កាន។ លុះពេលទៅដល់ផ្ទះជីដូនបានមួយសន្ទុះ ស្រាប់តែមានឈ្មោះ ប្រាក់ សម្ភស្ស ភេទស្រី អាយុ៤០ឆ្នាំ ជាអ្នករស់នៅក្នុងភូមិជាមួយបានមកសួរក្មេងស្រីរងគ្រោះ ដោយសង្ស័យថាក្មេងស្រីរងគ្រោះយកលុយរបស់ខ្លួនចំនួន១០មុឺនរៀល។ ពេលនោះក្មេងស្រីរងគ្រោះបានប្រកែកថានាងពុំបានដឹងនោះទេ មិនតែប៉ុណ្ណោះឈ្មោះ ប្រាក់ សម្ភស្ស នូវបានឆែកលើខ្លួនក្មេងស្រីរងគ្រោះ ប៉ុន្តែរកពុំឃើញប្រាក់នោះទេ រួចក៏ត្រឡប់ទៅផ្ទះវិញ។

ប្រភពបានបន្តថា ក្រោយពីស្ត្រីឈ្មោះ ប្រាក់ សម្ភស្ស ត្រឡប់ទៅផ្ទះ ជីដូនក្មេងស្រីរងគ្រោះឈ្មោះ សួង សាន បានដេញចៅ(ក្មេងស្រីរងគ្រោះ) ឲ្យទៅដាំបាយនៅផ្ទះរបស់នាង ព្រោះម្តាយនាងជិតចេញពីធ្វើការ។ ប៉ុន្តែនាងបានឡើងទៅលើផ្ទះជីដូនបាត់មួយសន្ទុះ ជីដូនមានការសង្ស័យមិនឃើញចៅស្រីចុះមកវិញក៏ឡើងទៅមើលស្រាប់តែឃើញចៅស្រីរបស់គាត់ចង.កស្លាប់បាត់ទៅហើយ តែដោយមិនអស់ចិត្ត បងប្អូន និងអ្នកនៅក្នុងភូមិបានហៅរថយន្តពេទ្យបម្រុងដឹកទៅមណ្ឌលសុខភាព តែគ្រូពេទ្យបានពិនិត្យឃើញថា ក្មេងស្រីរងគ្រោះបានបាត់បង់ជីវិតទៅហើយ។

ករណីក្មេងស្រីរងគ្រោះចង.កសម្លាប់ខ្លួននេះ សមត្ថកិច្ចនៅពុំទាន់សន្និដ្ឋានពីមូលហេតុពិតប្រាកដយ៉ាងណានោះទេ បើទោះបីជាដឹងថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះត្រូវបានអ្នកភូមិឈ្មោះ ប្រាក់ សម្ភស្ស ចោទប្រកាន់ និងសង្ស័យថានាងលួចលុយរបស់ខ្លួនចំនួន១០មុឺនរៀលដែលនេះអាចជាដើមចមធ្វើឲ្យក្មេងស្រីរងគ្រោះប៉ះទង្គិចផ្លូវអារម្មណ៍ ទើបជម្រុញឲ្យនាងកិតខ្លីចង.កបញ្ចប់ជីវិតបែបនេះ៕ សេនា ស័ក្តិ


ចែករំលែក៖