ខេត្តសៀមរាប៖ កម្លាំងការិយល័យបទល្មើសសេដ្ឋកិច្ច នៃកងរាជអាវុធហត្ថខេត្តសៀមរាប បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថមូលដ្ឋាន ចុះប្រតិបតិ្តការបង្ក្រាបករណីរថយន្តដឹកសត្វមាន់ចំនួន២គ្រឿង លោតឆត្រមកពីប្រទេសវៀតណាម ប្រគល់ឱ្យមន្ត្រីនៃមន្ទីរកសិកម្មខេត្តសៀមរាប ដើម្បីចាត់ការទៅតាមនីតិវិធី។
ហេតុការណ៍នេះបានធ្វើឡើងនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមផ្លូវជាតិលេខ៦ ក្នុងភូមិស្ទឹង ឃុំប្រាសាទបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
តាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាប បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ថា ដោយមានការសហការគ្នាបានល្អ ពីកម្លាំងមូលដ្ឋាន ទើបកម្លាំងជំនាញ បានចុះប្រតិបត្តិការបង្ក្រាបករណីរថយន្តកូរ៉េ ដឹកសត្វមាន់ចំនួន២គ្រឿង មកពីប្រទេសវៀតណាម ដោយគ្មានលិខិតអនុញ្ញាត រួចប្រគល់ឱ្យមន្ត្រីជំនាញកសិកម្មខេត្តសៀមរាប ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់។
ប្រភពបានបន្តថា វត្ថុតាងដែលដកហូត ប្រគល់ឱ្យមន្ត្រី កសិកម្ម នោះមាន៖ រថយន្ត ចំនួន ០២ គ្រឿងម៉ាក Hyundai ពាក់ស្លាកលេខ ភ្នំពេញ ២W.៧២៨១ និង កំពង់ចាម ៣A.៣២៩៤ សត្វមាន់ចំនួនសរុប: ៣៣៩២ក្បាល។
បច្ចុប្បន្ន ម្ចាស់មាន់ រថយន្ត និងមាន់ ត្រូវបាន កម្លាំង កងរាជអាវុធហត្ថខេត្តបានប្រគល់ជូន មន្ត្រី នៃ មន្ទីរកសិកម្មខេត្ត សៀមរាប ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕ ប៊ុន រិទ្ធី