ភ្នំពេញ៖ លោក ប៉ាសុជាតិវង្ស សមាជិកគណៈកម្មាធិកណ្តាល និង ជាប្រធានគណៈកម្មាធិការកណ្តាលគណៈបក្សប្រជាជនកម្ពុជា និង លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណៈបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីសំណេះសំណាល និងប្រកាសសម្រួលភារកិច្ច និងទទួលស្គាល់សមាសភាព ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈចលនាសាសនិឥស្លាមគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នៅមន្ទីរគណៈបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៣០ មេសា ឆ្នាំ ២០១៧ ។
សមាសភាព ក្រោយពីការកែសម្រួល និងត្រូវបានប្រកាសទទួលស្គាល់នៅពេលនេះ គឺមានសរុប៣៩រូប ដែលមកពីខណ្ឌចំនួន៣នៅរាជធានីភ្នំពេញ គឺខណ្ឌជ្រោយចង្វារ ខណ្ឌឫស្សីកែវ និង ខណ្ឌច្បារអំពៅ។ សមាសភាពទាំងនេះមានភារកិច្ចធ្វើជាសេនាធិការគណៈអចិន្ត្រៃយ៍គណៈចលនាសាសនិកឥស្លាម ដើម្បីចលនាសាសនិកឥស្លាមទូទាំងរាជធានី គាំទ្រគណបក្សប្រជាជនកម្ពុជា។
លោក អូស្មាន ហាស្សាន់ ប្រសាសន៍ថា សមាសភាពគណៈចលនាទាំងអស់ ទាំងរាជធានីក្តី និង ទូទាំងប្រទេសក្តី ត្រូវពង្រឹងសាមគ្គីក្នុងសហគមន៍អោយកាន់តែប្រសើរឡើងថែមទៀត ព្រើការសាមគ្គីភាព គឺជាកម្លាំងចលករនាំទៅរកសេចក្តីសុខក្សេមក្សាន្ត ភាពជោគជ័យ សម្រាប់សហគមន៍យើង សម្រាប់ជាតិយើង។ លោកបន្តថា ការសាមគ្គីរបស់យើងជាថ្លុងមួយកន្លងមក បានធ្វើអោយមានអ្វីៗគ្រប់បែបយ៉ាងសម្រាប់សហគមន៍ ហើយប្រទេសជាតិទាំងមូលត្រូវបានកសាងអោយមានការអភិវឌ្ឍន៍យ៉ាងលឿនមិននឹកស្មានដល់។
លោកប៉ា សុជាតិវង្ស មានប្រសាសន៍ផ្តាំផ្ញើដល់សមាសភាពគណៈចលនាទាំងឡាយ អោយពង្រឹងការប្រមូលផ្តុំកម្លាំមហាជន យុវជន និងពលរដ្ឋគ្រប់ស្រទាប់ អោយទៅបំពេញតួនាទីជាពលរដ្ឋមួយរូប គឺជាការអញ្ជើញបំពេញកាតព្វកិច្ចក្នុងការចូលរួមបោះឆ្នោតក្រុប្រឹក្សា ឃុំ សង្កាត់ អោយបានគ្រប់ៗគ្នា ដែលនៅសល់តែ៣៤ ថ្ងៃទៀតប៉ុណ្ណោះ គឺនៅថ្ងៃទី០៤ មិថុនា ២០១៧ ខាងមុខនេះហើយ។ សូមកុំអោយមានការអាកខាន ដោយកត្តាផ្សេងៗ ជាពិសេសសម្រាប់អ្នកដែលទៅបំពេញការងារក្រៅប្រទេសក្តី រឺតាមខេត្តផ្សេងៗក្តី។ លោកបន្តថា ការបោះឆ្នោតមានសារៈសំខាន់ណាស់ ការជ្រើសរើសមេដឹកនាំដ៏ត្រឹមត្រូវ គឺវាជាការសម្រេចជោគវាសនារបស់យើងដ៏ត្រឹមត្រូវ តែការដែលមិនអញ្ជើញទៅបោះឆ្នោតសោះ រឺការសម្រេចជ្រើសរើសគណបក្សនយោបាយដែលខុស ដែលអសមត្ថភាព គឺយើងខ្លួនឯងជាអ្នកដែលធ្វើអោយជោគវាសនាសម្រាប់ឆាកជីវិតយើងផ្ទាល់ ក្រុមគ្រួសារយើង និងពលរដ្ឋទាំមូលទទួលបរាជ័យ។
ក្នុងឱកាសនេះដែរ លោកប៉ា សុជាតិវង្ស ក៏បានពាំនាំនូវថវិការជាអំណោយរបស់ សម្តេចវិបុលបញ្ញាភក្តី សាយ ឈុំ អនុប្រធានគណៈបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដើម្បីចែកជូនដល់សមាជិក សមាជិការគណៈចលនា និងអង្គពិធីចូលរួមមាន៦០០នាក់ ក្នុងម្នាក់ទទួលបានថវិកា៥ម៉ឺនរៀល ៕ សំរិត