ខេត្តស្វាយរៀងៈ រថយន្តសាមុយថ្មីសន្លាងមួយគ្រឿង សម្រាប់ទុកដឹកសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋ ក្នុងឃុំដូងត្រូវបានលោក ហុង វិណុល អនុប្រធានក្រុមការងារចុះជួយស្រុករមាសហែក និងជាប្រធានគណៈពង្រឹងឃុំដូង បានធ្វើពិធីប្រគល់ទៅឲ្យលោកប្រធានមណ្ឌលសុខភាពដូង កាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ។
លោកតឹក យី ប្រធានមណ្ឌលសុខភាពឃុំដូងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកហុង វិណុល អនុប្រធានក្រុមការងារស្រុករមាសហែក និងជាប្រធានថ្នាក់ពង្រឹងឃុំដូង ដែលលោកតែងតែបានចំណាយថវិកាផ្ទាល់ខ្លួន ព្រមទាំងគិតគូរសុខទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសគឺប្រជាពលរដ្ឋ ដែលមានជំងឺធ្ងន់ និងស្ត្រីសម្រាលបុត្រពិបាកក្នុងការធ្វើដំណើរនោះ ទើបលោកបានប្រគល់រថយន្តសាមុយងាយស្រួលសម្រាប់ដឹកបងប្អូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ក៏ដូចជាឆ្លងទៅព្រំដែនប្រទេសវៀតណាមផងដែរ ។
លោកក៏បានបន្តថា មិនតែប៉ុណ្ណោះលោកហុង វិណុល ក៏បានផ្ដល់អគារមួយខ្នង ដែលមានទំហំ៦ម៉ែត្រគុណនឹង១៥ម៉ែត្រ មាន៣បន្ទប់ដើម្បីងាយស្រួលដល់បងប្អូនស្ត្រីដែលសម្រាលកូនរួចសម្រាកព្យាបាលផងដែរ ។
នាចុងបញ្ចប់លោក ក៏ដូចជាគ្រូពេទ្យទាំងអស់ ដែលបម្រើការនៅមណ្ឌលសុខភាពឃុំដូងនេះ សូមជូនពរដល់លោកហុង វិណុល ប្រធានថ្នាក់ពង្រឹងក្នុងឃុំដូង ក៏ដូចជាក្រុមការងារគណបក្យប្រជាជនកម្ពុជា ពិសេសគឺលោកសៅ សុខា ប្រធានថ្នាក់ពង្រឹងស្រុករមាសហែកទទួលបានពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លានឃ្លៀតឡើយ ។
បន្ទាប់មកលោកហុង វិណុល ក៏បានឧបត្ថមថវិកាដល់ក្រុមគ្រូពេទ្យប្រចាំមណ្ឌលសុខភាពឃុំដូង១៤នាក់ ក្នុងម្នាក់ទទួលបាន៥ម៉ីនរៀលផងដែរ ៕ យឹម សុថាន