ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តពោធិ៍សាត់បញ្ជាកម្លាំងនគរបាលឃាត់ខ្លួនមន្រ្តី NGO ២នាក់ និងតៃកុងរថយន្តម្នាក់ ពីបទជំរិតទារលុយ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មន្រ្តី NGO ចំនួន ២នាក់ និងអ្នកបើកបររថយន្តម្នាក់ ត្រូវបានកំលាំងនគរបាលព័ទ្ធចាប់ឃាត់ខ្លួន តាមបទបញ្ជាលោក អភិបាលខេត្ត និងមានការសម្របសម្រួលពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដោយចោទពីបទជំរិតទារលុយពីប្រជាពលរដ្ឋដឹកឈើ ។

ប្រតិបត្តិការខាងលើ អនុវត្តន៍ឡើងនៅវេលាម៉ោង១១ និង០០នាទីព្រឹក ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិទៀនព្រៃ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍អធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា មន្រ្តី NGO និងអ្នកបើកបររថយន្តទី១ ឈ្មោះ ហេង ហុង ភេទប្រុស អាយុ ៤៣ឆ្នាំ សញ្ញជាតិខ្មែរ អង្កភាព (អង្កការទប់ស្កាត់បទល្មើសព្រៃឈើ និងសត្វព្រៃ) អត្តលេខ ០០២ lFWAV មានតួនាទីអនុប្រធានផ្ទៃប្រទេស ទី២ ឈ្មោះ ហ៊ន ហេង ភេទប្រុស អាយុ ៤៧ឆ្នាំ សញ្ញជាតិខ្មែរ អង្កភាព(អង្កការទប់ស្កាត់បទល្មើសព្រៃឈើ និងសត្វព្រៃ) អត្តលេខ ០០១ lFWAV មានទួនាទីអនុប្រធានផ្ទៃប្រទេស និងទី៣ ឈ្មោះ លី ឡុង ភេទប្រុស អាយុ ២៣ឆ្នាំ សញ្ជាតិខ្មែរ អ្នកបើកបររថយន្ត ស្នាក់ការកណ្ដាលនៅភូមិ.សង្កាត់អូរឬស្សី ក្រុង.ខេត្តក្រចេះ រួមទាំងរថយន្តចំនួន ១គ្រឿងម៉ាក ឡង់គ្រីស័រ សេរីចាស់ ពណ៏ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M 4434។

ក្នុងរបាយការណ៍បន្តថា ការឃាត់ខ្លួនអ្នកទាំង ០៣នាក់ខាងលើ ធ្វើឡើងបន្ទាប់ពីទទួលពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋឈ្មោះ យ៉ាន សុីណា ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិ.ឃុំកើតហេតុខាងលើ បានប្តឹងពីឈ្មោះ ជនសង្ស័យទាំងនេះ ពីបទជំរិតទារលុយចំនួន ២០មឺុនរៀល ខណៈខ្លួនកំពុងដឹកឈើ ប៉ុន្តែដោយគាត់អង្វរចុះនៅសល់ត្រឹមតែចំនួន ១០មឺុនរៀលប៉ុណ្ណោះ រួមទាំងបទបញ្ជាលោក អភិបាលនៃគណៈអភិបាលខេត្ត និងសុំគោលការពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ក្នុងរឿងដដែលនេះនគរបាលប្រឹងរក ឃើញអ្នកដឹកឈើចំនួន ០៦នាក់ ទី១ ឈ្មោះ ញឹុក ធ្លក ភេទប្រុស អាយុ ៣១ឆ្នាំ សញ្ជាតិខ្មែរ ទី២ ឈ្មោះ សុីម ណាក់ ភេទប្រុស អាយុ ២៥ឆ្នាំ សញ្ជាតិខ្មែរ ទី៣ ឈ្មោះ វ៉ាន់ ឌី ភេទប្រុស អាយុ ២៥ឆ្នាំ សញ្ជាតិខ្មែរ ទី៤ ឈ្មោះ សំ រ៉ាឆាន់ ភេទប្រុស អាយុ ២០ឆ្នាំ សញ្ជាតិខ្មែរ ទី៥ ឈ្មោះ វ៉ាន់ ឌីន ភេទប្រុស អាយុ ២៧ឆ្នាំ សញ្ជាតិខ្មែរ និងទី៦ ឈ្មោះ សំ សឿន ភេទប្រុស អាយុ ២៤ឆាំ្ន សញ្ជាតិខ្មែរ អ្នកទាំង ០៦នាក់នេះមានទីលំភូមិធ្លករលើង ឃុំក្រាំងល្វា ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយជាប់ពាក់ព័ន្ធបានបង់លុយឲ្យជនសង្ស័យខាងលើគោយន្តដឹកឈើ ១គ្រឿងចំនួន ១០.០០០មឺុនរៀល សរុបចំនួន ៦០.០០០រៀលផងដែរ។

ប្រភពព័ត៌មានក្នុងរបាយការណ៍នោះបន្តទៀតថា ទោសជាប្រជាពលរដ្ឋដឹកឈើប្តឹងមន្រ្តីអង្កការ និងអ្នកបើកបររថយន្តទាំងនេះ ពីបទជំរិតទារលុយក្តី ប៉ុន្តែសមត្ថកិច្ចនគរបាលឆែកឆេររកវត្ថុតាង(លុយ)មិនឃើញនោះទេ ហើយបានបំពេញនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកក្រគរ និងបានបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត កាលពីរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ ៕ ប៉ឹម ពិន

រូបជនសង្ស័យ និងជនល្មើសដឹកឈើ


ចែករំលែក៖