ភ្នំពេញ: មនុស្សប្រុសស្រីចំនួន៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួន ដោយបានដកហូតថ្នាំញៀន ៧កញ្ចប់ និងឧបករណ៍ប្រើប្រាស់មួយចំនួនកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចសំណង់មិនរៀបរយ តាមបណ្តោយផ្លូវរថភ្លើង ក្រុម១ ភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
មន្រី្តនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ជនសង្ស័យប្រុសស្រី ទាំង៦នាក់ខាងលើ ទី១-ឈ្មោះ អឹម ស្រីខួច ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ (ប្រើប្រាស់) ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវរថភ្លើង ភូមិបាក់ទូក សង្កាត់ទួលសង្កែ, ទី២-ឈ្មោះ យួន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ (ប្រើប្រាស់) ស្នាក់នៅមិនពិតប្រាដក ផ្លូវរថភ្លើង ភូមិបាក់ទូក សង្កាត់ទួលសង្កែ, ទី៣-ឈ្មោះ សឿន ខេមរ៉ា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ (ប្រើប្រាស់) ស្នាក់នៅក្រុម១ ភូមិបាក់ទូក សង្កាត់ទួលសង្កែ, ទី៤-ឈ្មោះ សឿន ចំរើន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរនៅផ្ទះ (ជួញដូរ) ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវរថភ្លើង ភូមិបាក់ទូក សង្កាត់ទួលសង្កែ, ទី៥-ឈ្មោះ សយ ស្រីលក្ខ័ ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ (ប្រើប្រាស់) ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវរថភ្លើង ភូមិបាក់ទូក សង្កាត់ទួលសង្កែ និងទី៦-ឈ្មោះ លឹម សាង ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ (ប្រើប្រាស់) ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវរថភ្លើង ភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចបានបន្តថា ប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ចយើងបានសហការជាមួយសមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងប្រជាការពារសង្កាត់ ធ្វើការស្រាវជ្រាវរហូតឈានដល់ការចុះបង្ក្រាបទីតាំងសំណង់មិនរៀបរយនៅ តាមបណ្តោយផ្លូវរថភ្លើង ហើយបានឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៦នាក់ ព្រមទាំងដកហូតក្រាមព៌ណសថ្លាចំនួន ៧កញ្ចប់, ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យទាំងអស់រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធី ៕ ប្រាថ្នា